2024-02-29 01:02
55

រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល នារសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤  ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ 

នៅក្នុងកិច្ចប្រជុំនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកអំពីអនុសាសន៍ចំនួន ១៧  ចំនុច  ដែលបានលើកឡើង សម្រាប់ អង្គភាពផ្តល់សេវាសាធារណៈក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាព  ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។ 

បន្ថែមពីនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជំរុញឲ្យបន្តប្រុងប្រយ័ត្ន នូវបញ្ហាជំងឺគ្រុនឈាមដែលកំពុងតែប្រឈមយ៉ាងខ្លាំងហើយត្រូវបន្តយុទ្ធនាការទប់ស្កាត់ការចម្លងជំងឺនេះនិងផ្សព្វផ្សាយពីវិធីបង្ការការពារការឆ្លងរាលដាលដល់ប្រជាពលរដ្ឋតាម                 សហគមន៍ ចំពោះបញ្ហាជំងឺគ្រុនចាញ់ នៅគ្រប់បណ្តារាជធានី-ខេត្ត ត្រូវព្យាយាមកាត់ផ្តាច់ខ្សែចង្វាក់ចម្លងនៃជំងឺ ដើម្បីឈានទៅលុបបំបាត់ឱ្យអស់ក្នុងឆ្នាំ២០២៥ខាងមុខនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់ឱកាសឱ្យប្រធានអង្គភាព ប្រធាននាយកដ្ឋានថ្នាក់កណ្តាល លើកឡើងពីការអនុវត្តតាមគន្លឹះសំខាន់ៗ ដែលជាជំនួយស្មារតីដំណោះស្រាយលើបញ្ហាប្រឈមនានា ជាពិសេសឱ្យមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ធ្វើការផលិតចេញសារអប់រំសុខភាពទាក់ទងនឹងគ្រឿងស្រវឹង  ជំងឺឆ្លង ជំងឺមិនឆ្លង អោយបានច្រើនថែមទៀត ក្នុងការត្រៀមលក្ខណៈទាន់ពេលវេលា ទៅនឹងសភាពការណ៍ ដើម្បីធ្វើការផ្សព្វផ្សាយក្នុងប្រព័ន្ធព័ត៌មាននានាជាដើម ។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះរៀបចំឡើងតាមប្រព័ន្ធ Hybrid ដែលមានការចូលរួមដោយផ្ទាល់ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាមួយប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្តផងដែរ ។