2024-03-17 06:03
46

(កំពង់ធំ)៖ លោក ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសស និងជាតំណាងលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានានៅវត្តមង្គលវ័នជ្រង ស្ថិតនៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលចំណាយថវិកាអស់ប្រមាណជាង ៤៥ម៉ឺនដុល្លារ។
   ពិធីនេះក៏មានការចូលរួមពីព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសត្ថាបារមី ព្រះមេគណគណៈមហានិកាយខេត្តកំពង់ធំ, ព្រះមហាធម្មពង្សា សួន ដារ៉ាហេព្ភី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកំពង់ធំ ព្រះអនុគណស្រុកបារាយណ៍, ព្រះគ្រូបញ្ញាវិសុទ្ធិញាណ ប៉ាត កុសល ព្រះចៅអធិការវត្តមង្គលវ័នជ្រង, សមាជិកព្រឹទ្ធសភា រដ្ឋសភា
   និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ រួមទាំងមានការចូលរួមពីប្រធានមន្ទីរ អង្គភាព កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនទៀត។
   នាឱកាសនោះតាងនាមលោក វង្សី វិស្សុត លោកបណ្ឌិត ថោង ខុន បានពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករឮកពីសម្ដេច ប្រមុខទាំង៣ មានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីអាណត្តិទី៧ ជូនដល់លោកយាយ លោកតា អ៊ុំ ពូ មីង ប្រជាពលរដ្ឋទាំងអស់នៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច។
   លោកបណ្ឌិត ថោង ខុន បានឱ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តេច តែងតែគិតគូរយកចិត្តទុកដាក់ និងខិតខំស្វែងរកគ្រប់មធ្យោបាយដើម្បីដោះស្រាយរាល់ការលំបាកក្នុងជីវភាពរបស់ប្រជាជន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ព្រមទាំងបានខិតខំកសាងសមិទ្ធផលធំៗជាច្រើនក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ មានដូចជា៖ វត្តអារាម ព្រះវិហារ សាលារៀន វិទ្យាល័យ មន្ទីរពេទ្យ ផ្លូវគមនាគមន៍ ទឹកស្អាត អគ្គិសនី និងប្រព័ន្ធធារាសាស្រ្ត។
ជាងនេះទៅទៀត រាជរដ្ឋាភិបាលអាណត្តិទី៧នេះបានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន, ផ្តល់សេវាសាធារណៈឲ្យកាត់តែខិតជិតប្រជាជន, បង្កើនកិច្ចគាំពារសង្គមជូនជនក្រីក្រ សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូប និងគ្រប់មូលដ្ឋាន។ ពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នាពឹងគ្នាទៅវិញទៅមក និងជួយទំនុកបម្រុងគ្នាទៅវិញទៅមក។ ដោយសារអាណាចក្រ មានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍ ប្រជាជនមានជីរវភាពរស់នៅធូរធារទើបពុទ្ធចក្រ ក៏មានការរីកចំរើនតាមនោះដែរ។ ទន្ទឹមនេះដោយសារភាពរីកចម្រើនលូតលាស់ខាងពុទ្ធចក្រ ពោលគឺការជួយអប់រខាងស្មារតី លើកកំពស់ សីលធម៍សង្គម ជួយបង្ហាញអំពើល្អដល់សង្គម ទើបអាណាចក្រអាចមានភាពសុខដុម និងរីកចំរើនបានល្អ។
លោកបណ្ឌិត បានបន្ថែមថា ដើម្បីបុព្វហេតុជាតិ និងប្រជាជន រាជរដ្ឋាភិបាលបានគាំពារគ្រប់សាសនាទាំងអស់នៅកម្ពុជា ហើយបានផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់គ្រប់សាសនា ហើយប្រជាពលរដ្ឋគ្រប់រូបបានរស់នៅប្រកបដោយភាពសុខដុមរមនា។ កម្ពុជាមានមោទនភាពចំពោះប្រជាពលរដ្ឋ ទោះបីមានជំនឿសាសនាខុសគ្នា តែបានរួមរស់ជាមួយគ្នាយ៉ាងសុខសាន្ត។ ដោយឡែក វិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សំគាល់ ដែលគិតមកដល់ពេលនេះនៅទូទាំងប្រទេសមានវត្តអារាមចំនួនជាង ៥ពាន់វត្ត និងព្រះសង្ឃជាង ៧ម៉ឺនអង្គ។
លោកបណ្ឌិត ថោង ខុន គូសបញ្ជាក់ថា សម្រាប់សមិទ្ធផលដែលបានកសាងនៅទីនេះ គឺបានកើតចេញពីកម្លាំងបុណ្យ សទ្ធាជ្រះថ្លា និងការចូលរួមចំណែកឧបត្ថម្ភ និងគាំទ្រពីសប្បុរសជន និងញាតិមិត្តជិតឆ្ងាយ ដែលបានរួមគ្នាកសាងឡើង ដើម្បីទុកជាប្រយោជន៍រួមសម្រាប់លោកតា លោកយាយ អ៊ុំ ពូ មីង និងប្រជាពលរដ្ឋទាំងអស់គ្នា។ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ អាចមកគោរពបូជានៅក្នុងវត្តនេះ ហើយក៏អាចធ្វើបុណ្យរួមគ្នានៅក្នុងទីនេះទៀតផង ដែលនេះបង្ហាញពីស្មារតីសាមគ្គីភាព និងភាតរភាពរវាងលោកតា លោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់។