2023-10-25 10:10
375

ប៉ៃលិន៖ ថ្នាក់ដឹកនាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ បានចុះពិនិត្យមណ្ឌលប្រឡង និងកំណែ ក្នុងមណ្ឌលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ដើម្បីធានាបាននូវប្រសិទ្ធភាព សុវត្ថិភាពសម្រាប់ការប្រឡង។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានណែនាំលោកគ្រូខាំ យ៉ារិន នាយកវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ដែលជាប្រធានមណ្ឌលប្រឡង ណែនាំសិស្សានុសិស្ស ធ្វើពលកម្មសម្អាត តាមបន្ទប់ និងបរិវេណមណ្ឌលប្រឡង ដើម្បីធានាបានថា មណ្ឌលប្រឡងមានបរិស្ថានល្អ អំណោយផល មិនមានការបង្កសំឡេងរំខាន មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំល្អ ដើម្បីផ្តល់នូវសុខសុវត្ថិភាពក្នុងដំណើរការសំណេរ។

លោក បានបន្តថា មណ្ឌលប្រឡងនីមួយៗ ត្រូវបំពេញបាននូវស្តង់ដាដែលបានកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ មណ្ឌលប្រឡងនីមួយៗចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំគ្រប់គ្រាន់ដូចជា តុ កៅអី ក្កាខៀន ទ្វា បង្អួច មានបំពាក់ឧបករណ៍បំពងសំឡេង អគ្គីសនី បន្ទប់ទឹក បន្ទប់សង្គ្រោះបឋម និងបន្ទប់ប្រឡងសម្រាប់បេក្ខជនមានបញ្ហាសុខភាព។ បន្ទប់ប្រឡងត្រូវមានពន្លឺចេញចូល មានដំបូលរឹងមាំជិតល្អ មិនមានផលប៉ះពាល់ករណីមានភ្លៀងធ្លាក់ជាដើម។

បើតាមរបាយការណ៍លោក តង់ ធារ៉ា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៦ វិច្ឆិកា ២០២៣ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានមណ្ឌលប្រឡងចំនួន២ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិនតែមួយ មាន ២៦ បន្ទប់, បេក្ខជនសរុបចំនួន ៦៤០ នាក់ ស្រី ៣៤២ នាក់ ក្នុងនោះមណ្ឌលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន (លិច) ប្រឡងបេក្ខជនផ្នែកវិទ្យាសាស្ត្រ មានបន្ទប់ប្រឡងចំនួន ០៦ បន្ទប់ មានបេក្ខជនចំនួន១៤៥ នាក់ ស្រី ៩០ នាក់ និងមណ្ឌល វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន( កើត ) ប្រឡងបេក្ខជនផ្នែកវិទ្យាសាស្ត្រសង្គមមានបន្ទប់ប្រឡងចំនួន ២០ បន្ទប់ និងមានបេក្ខជនចំនួន ៤៩៥ នាក់ ស្រី ២៥២ នាក់៕ដោយ៖ស សារឿន