2024-02-25 04:02
63

(ភ្នំពេញ)៖ ជនជាតិចិនដែលបើករថយន្ដស៊េរីទំនើប ម៉ាក Lamborghini ពណ៌ទឹកក្រូច ពាក់ផ្លាកលេខកម្ពុជា F.R.999 ហើយបានបុកអ្នកជិះម៉ូតូម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអធម៌  កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ នៅមហាវិថីសហព័ន្ធរុស្ស៉ី ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងជំនាញការិយា ល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។
   សូមរំលឹកឡើងវិញថា កាលពីវេលាម៉ោង ១យប់រំលងអាំធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក Lamborghini ពណ៌ទឹកក្រូច ពាក់ផ្លាកលេខកម្ពុជា F.R.999 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1V-9127 នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗយ៉ាងរន្ធត់ ។
   ពាក់ព័ន្ធទៅនិងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានតាមសមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុគឺអ្នកបើកបររថយន្តបើកក្នុងល្បឿនយ៉ាងលឿន និងបើកក្នុងស្ថានភាពមានជាតិអាល់កុល ០.៨៦ mg/L និងបានបើករត់គេចពីកន្លែងកើតហេតុទៀតផង ។
   ក្រោយកើតហេតុ កម្លាំងការិយាល័យជំនាញ បាននាំម្ចាស់រថយន្តបង្កឈ្មោះហ៊្វូ ហ្សុងហ៊ូ  ជាជនជាតិចិន និងរថយន្តយកកាន់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ និងរង់ចាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕