2023-12-17 11:12
101

ភ្នំពេញ៖ កម្មវិធីប្រគំតន្រ្តី «កម្ពុជាបេះដូងខ្ញុំ» ការប្រារព្ធខួប ៤៥ឆ្នាំ បានប្រព្រឹត្តទៅក្រោមបរិយាសប្រកបដោយភាពសប្បាយរីករាយ ស្នាមញញឹម និងការសាទរដ៏កក់ក្ដៅពីសំណាក់សមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក. និងសាធារណជនយ៉ាងច្រើនកុះករ នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះ នៅពហុកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញ។ 

 លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅក្នុងកម្មវិធីប្រគំតន្រ្តី «កម្ពុជាបេះដូងខ្ញុំ» នារាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា៖ ស.ស.យ.ក. នឹងរក្សាការប្តេជ្ញាចិត្ត ការដាក់ក្នុងបេះដូង និងការរក្សាឆន្ទៈដោយមោះមុត ក្នុងការតបស្នងជូនជាតិ និងប្រជាជន ព្រោះថា៖ «កម្ពុជាក្នុងបេះដូងខ្ញុំ កម្ពុជាតែងតែនៅក្នុងបេះដូងខ្ញុំ ហើយកម្ពុជាតែងនៅក្នុងបេះដូងរបស់យើងជានិច្ច!»។ 

 ស្ថិតក្នុងបរិយាកាសដ៏មានអត្ថន័យ នាឱកាសនេះ លោក ហ៊ុន ម៉ានី បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការប្រារព្ធខួប ៤៥ឆ្នាំរបស់ខ្លួន តាមរយៈការប្រគំតន្ត្រី «កម្ពុជាក្នុងបេះដូងខ្ញុំ» ដែលបានរៀបចំឡើងក្រោមប្រធានបទសំខាន់ ចំនួន ៣ គឺ៖ «ភាសាបេះដូងជូនដូនតា», «គំរូវីរភាពរបស់ថ្នាក់ដឹកនាំ» និង «ក្ដីស្រលាញ់សម្រាប់កម្ពុជា»។ 

 សូមជម្រាបថា ការប្រគំតន្ត្រី «កម្ពុជាក្នុងបេះដូងខ្ញុំ» បានចាប់ផ្ដើមជាមួយនឹងវត្តមានសិល្បករ សិល្បការនីល្បីៗ ជាច្រើនរូប ដែលបានរួមគ្នាបង្ហាញសូរសៀង និងក្បាច់រាំអង្រួនឆាកតន្ត្រី និងអង្រួនបេះដូងអ្នកទស្សនាឱ្យទទួលបាននូវសំណើចរីករាយ និងស្នាមញញឹម នាពេលវេលាដ៏មានអត្ថន័យនៅឱកាសនេះ។ 

 សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរមកបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកយ៉ាងច្រើនកុះករ ព្រមជាមួយនឹងស្នាមញញឹម ដើម្បីទទួលយកភាពសប្បាយរីកាយនៅក្នុងការប្រគំតន្ត្រី «កម្ពុជាក្នុងបេះដូងខ្ញុំ» ក៏ដូចជាទស្សានាស្ដង់ពិព័រណ៍អាហារ និងពិព័រណ៍សមិទ្ធផល ស.ស.យ.ក. នៅតាមបណ្ដាខេត្ត ដែលរៀបចំឡើងដើម្បីអបអរខួប ទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក.៕