2023-07-11 03:07
181

ខេត្តបន្ទាយមានជ័យ៖ រថយន្ត១គ្រឿងដឹកមាន់រស់ជិត២.០០០ក្បាលដែលឈ្មួញនាំពីប្រទេសថៃចូលតាមច្រករបៀងមកកម្ពុជាគ្មានច្បាប់ធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភខ្លាចកើតជំងឺផ្តាសាយបក្សីត្រូវបានមន្ត្រីពេទ្យសត្វឃាត់កាលពីយប់ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២៣តាមបណ្ដោយផ្លូវជាតិលេខ៥៨ស្ថិតនៅក្នុងភូមិសាស្គ្រស្រុកស្វាយចេក ។

    លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានឱ្យដឹងថា ជាការណែនាំពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតសត្វដើម្បីពង្រឹងគុណភាពសត្វក្នុងស្រុក ក្រុមបង្ក្រាបបទល្មើសចលនាសត្វនិងផលិតផលពីសត្វបានធ្វើការស្រាវជ្រាវ ហើយកំណត់មុខសញ្ញាឃាត់រថយន្ត១គ្រឿងដែលពាក់ផ្លាកលេខព្រះសីហនុ3A-7071ដែលដឹកមាន់រស់ប្រមាណជិត២.០០០ក្បាលនៅតាមដងផ្លូវជាតិលេខ៥៨ក្នុងស្រុកស្វាយចេកជាប់ជាយដែនកម្ពុជា-ថៃដែលឈ្មួញនាំចូលពីប្រទេសថៃតាមច្រករបៀងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនិងព្រួយបារម្ភខ្លាចមានជំងឺផ្តាសាយបក្សីឆ្លងដល់អ្នកទិញយកទៅបរិភោគ។

    លោកបានបញ្ជាក់ថា៖ ក្រោយឃាត់រថយន្តដឹកមាន់រស់ជិត២.០០០ក្បាលមន្ត្រីជំនាញបាននាំយកមកការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តដើម្បីពិនិត្យរថយន្ត១គ្រឿងដែលដឹកមាន់រស់គ្មានច្បាប់អនុញ្ញាតគឺលួចនាំចូលពីប្រទេសថៃតាមច្រករបៀងខុសច្បាប់គឺគ្មានច្បាប់អនុញ្ញាតពីអង្គភាពសុខភាពសត្វនិងផលិតផលសត្វហើយព្រួយបារម្ភខ្លាចមានជំងឺផ្តាសាយបក្សី មន្ត្រីជំនាញកំពុងយកសំណាកទៅពិនិត្យនៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បើគ្មានជំងឺទេនឹងធ្វើការផាកពិន័យតាមច្បាប់ ហើយប្រគល់ជូនម្ចាស់វិញ។ បើសិនរកឃើញមានវិជ្ជមានជំងឺផ្តាសាយបក្សីនឹងយកទៅដុតកម្ទេចចោល ៕