2024-02-07 03:02
62

មណ្ឌលគិរី ៖ នៅក្នុងឪកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិស ដៅសម្រាប់អនុវត្តន៍បន្តឆ្នាំ២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ២០២៤               ឯកឧត្តម អ៊ួង កុសល រដ្ឋលេ ខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារឆ្នាំ២០២៣ របស់មន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី កិច្ចខាងលើនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ទលគិរី ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ទលគិរី និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ជាំច្រើនរូបផងដែរ ។

បន្ថែមពីនេះឯកឧត្តម អ៊ួង កុសល បានសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តការងាររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការងារបានយ៉ាងល្អប្រសើរនៅក្នុងរយៈពេលកន្លងមក និងសំណូមពរ សូមឲ្យបន្តខិតខំប្រឹងប្រែងអនុវត្តការងារឲ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀតផងដែរ ។

ថ្លែងនៅក្នុងឪកាសនោះដែរ ឯកឧត្តម ថង សាវុន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ពិតជាមានសារៈសំខាន់ណាស់ សបញ្ជាក់ឲ្យឃើញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់ និងគិតគូខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះមន្រ្តីរាជការក្រោមឱវាទ ក្នុងការអនុវត្តការងារបានកាន់តែប្រសើរឡើងថែមទៀត។                  ឯកឧត្តម បញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យមួយដ៏ចម្បងសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជា ៨០% កំពុងប្រកបរបរ                    កសិកម្ម។ ដូចនេះ វិស័យកសិកម្ម នៅក្នុងខេត្តមណ្ឌលគិរី គឺត្រូវបានយកចិត្តទុកដាក់ ព្រោះថាប្រជាពលរដ្ឋភាគច្រើននៅក្នុងខេត្ត គឺពឹងផ្អែកទាំងស្រុងទៅលើវិស័យកសិកម្មនេះ។

យោងតាមការលើកឡើងរបស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជាលទ្ធផលបញ្ចប់ការងារដាំដុះដំណាំក្នុងឆ្នាំ២០២៣កន្លងទៅ មានដូចជា ដំណាំស្រូវអនុវត្ត បានសរុបចំនួន ៣២ ៦៥៨ ហិកតា ស្មើនឹង១២៥,០៨% នៃផែនការឆ្នាំ ដំណាំសាកវប្បកម្មអនុវត្ត បានសរុបចំនួន ២ ៣៤៧ហិកតា ដំណាំឧស្សាហកម្ម អនុវត្តបានសរុបចំនួន ៤១ ៦១២ ហិកតា ។ ផ្អែកតាមតុល្យភាពស្បៀងបានបញ្ជាក់ឱ្យឃើញថាឆ្នាំនេះ ទូទាំងខេត្តសល់ស្រូវចំនួន ៧០ ០៩២ តោន លើសឆ្នាំមុនចំនួន ១១ ១៤០តោន។ ដោយឡែកតម្លៃកសិផលមួយចំនួននៅក្នុងឆ្នាំនេះ មានតម្លៃល្អ ដូចជា៖ តម្លៃស្រូវ ដំឡូងមី ស្វាយចន្ទី កាហ្វេ ជាដើម។