2024-02-14 02:02
59

(កែប) ៖   កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធជួយពន្លឿនការចុះបញ្ជីនាវា និងទូកនេសាទ របស់អ្នកនេសាទនៅក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីងាយស្រួលគ្រប់គ្រង បញ្ចៀសឧបទ្ទវហេតុណាមួយដែលអាចកើតឡើងនៅក្នុងលម្ហសមុទ្រ ជាពិសេសដើម្បីចាកចេញពីកាតក្រហមរបស់សហភាពអឺរ៉ុប។

លោកមានប្រសាសន៍ដូចនេះ ក្នុងកិច្ចប្រជុំពិភាក្សាការចុះបញ្ជីនាវានេសាទ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ 

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានស្នើឱ្យប្រជានេសាទ អញ្ជើញមកកាន់ច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត ដែលនៅរង់ចាំបម្រើសេវា ក្នុងនោះលោកបានណែនាំ អ្នកពាក់ព័ន្ធជាពិសេសមន្រ្តីនៃការិយាល័យច្រកចេញចូលតែមួយ ត្រូវធ្វើការឱ្យបានលឿន និងមានតម្លាភាព។

ជាមួយគ្នានេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន យកស្មារតីអង្គប្រជុំនេះ ទៅអប់រំផ្សព្វផ្សាយដល់ប្រជានេសាទឱ្យមកចុះបញ្ជីទូកនេសាទឱ្យបានទាន់ពេលវេលាផងដែរ។

ឯកឧត្តម នុត ច័ន្ទសុខា បានលើកឡើងដែរថា ក្នុងការចុះបញ្ជីសម្រាប់នាវា និងទូកនេសាទនេះ គឺផ្តោតសំខាន់សម្រាប់ការគ្រប់គ្រងឱ្យមានតម្លាភាព ប្រសិទ្ធភាព និងការងារជួយសង្គ្រោះដោយឧបទ្ទវហេតុណាមួយនៅក្នុងលម្ហសមុទ្រ សំខាន់គឺធានានិរន្តរភាពធនធានធម្មជាតិក្នុងបាតសមុទ្រ និងដោះកាតក្រហមរបស់សហភាពអ៉ឺរ៉ុបដែលកម្ពុជាបានជាប់តាំងពីឆ្នាំ ២០១៤  ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ ដូចនេះបើយើងរំដោះកាតក្រហមនេះយើងនិងអាចនាំកសិផលនេសាទទៅអ៉ីរ៉ុបបាន។

គួបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២២-២០២៣ ខេត្តកែបមាននាវានេសាទចុះបញ្ជី ៥៩៤គ្រឿង ដោយឡែកក្នុងឆ្នាំ២០២៣-២០២៤នេះ នាវានេសាទក្នុងខេត្តកែបមិនទាន់បានចុះបញ្ជីនៅឡើយទេ។(សឹង រ៉ាត់)