2023-08-02 04:08
392


ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួនបានក្រោយពីក្រុមជនសង្ស័យធ្វើការលួចរថយន្តរបស់លោក សម សោភ័ណ្ឌ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ស្ពឺ ដែលចតនៅមុខផ្ទះ ហើយម្ចាស់ឆែកតាមកាមេរ៉ាសុវត្ថិភាពទើបប្តឹងសមត្ថកិច្ចតាមស្រាវជ្រាវ ។
   ការឃាត់ខ្លួនក្រុមជនសង្ស័យបាន កាលពីវេលាម៉ោង ០៦ និង ៣០នាទីព្រលប់ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅចំណុចបង្ហៀរទឹកខាងកើតភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
   នគរបាលខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យបាន បន្ទាប់ពីទទួលពាក្យបណ្តឹងពីម្ចាស់រថយន្ត ក្រោយមកកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក បានឃាត់ខ្លួនឈ្មោះ ភឿង តូនាង ហៅក្អាត់ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះ គង់ ចាន់ពិសិដ្ឋ ហៅតាំងតោ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅចំណុចបង្ហៀរទឹកខាងកើតភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចម្ងាយប្រហែល ១.០០០ម៉ែត្រ ពាក់ព័ន្ធករណីចោរកម្ម ដែលបានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាកស៊ីអរវី (CRV) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2V.6314 ជារបស់ឈ្មោះ សម សោភ័ណ ភេទប្រុស អាយុ ៤៣ឆ្នាំ (ដែលគេស្គាល់ថាជាប្រធានមន្ទីរធម្មការ និងសាសនា) រស់នៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
   នគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ទៀតថា ការដែលក្រុមជនសង្ស័យធ្វើសកម្មភាពលួចយករថយន្តជនរងគ្រោះខាងលើនេះ នៅពេលម្ចាស់ទុករថយន្តនៅចំណុចមុខផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង ០៩ និង ៣៣នាទីយប់ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៣ ដោយយោងតាមកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់បានដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ។
   បច្ចុប្បន្ន រថយន្តត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ។ ចំពោះជនសង្ស័យទាំង ២នាក់ ខាងលើនគរបាលមូលដ្ឋានឃុំរលាំងគ្រើល បានប្រគល់ទៅឱ្យជំនាញផ្នែកព្រហ្មទណ្ឌក្រុងច្បារមនចាត់ការបន្តតាមផ្លូវច្បាប់៕