2023-08-16 09:08
245

ភ្នំពេញ៖ ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហគមអឺរ៉ុប មានការវិវត្តល្អប្រសើរគួរឲ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការ និងបានក្លាយជាដៃគូរពាណិជ្ជកម្មធំជាងគេទីប្រាំរបស់កម្ពុជា។ សហគមអឺរ៉ុបនបានបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ ប៊ីលានអឺរ៉ូ ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដូចបានលើកឡើងនៅក្នុង «យុទ្ធសាស្ត្រអភិវឌ្ឍន៍ អឺរ៉ុបរួមឆ្នាំ២០២១-២០២៧»។ 

ការវាយតម្លៃនេះ ត្រូវបានលើកឡើងក្នុងឱកាសនៃជំនួបជម្រាបលារបស់លោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលចប់អាណត្តិ ជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួង។ ភាគីទាំង០២ សាទរការវិវត្តគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការ និង កិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើរប្រកបដោយជោគជ័យ ក្នុងបេសកកម្មការទូតនៅកម្ពុជា។ 

ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់អំពីការរីកចម្រើនយ៉ាងច្រើន នៃទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ជាពិសេសក្នុងបរិបទដ៏ស្មុគស្មាញ នៃការរាតត្បាតជំងឺកូរីដ-១៩ លោកជំទាវឯកអគ្គរដ្ឋទូត MORENO បានចូលរួមក្នុងការសម្របសម្រួលជំនួយអភិវឌ្ឍន៍ពីសហភាពអឺរ៉ុប និងរដ្ឋជាសមាជិក រួមមាន៖ ការផ្តល់វ៉ាក់សាំង  ហិរញ្ញប្បទានឥតសំណង និងឥណទាន សរុបជាទឹកប្រាក់ ៤៩៩លានអឺរ៉ូ សម្រាប់គោលដៅកាត់បន្ថយផលប៉ះពាល់ នៃការរាតត្បាតជំងឺឆ្លងនេះ ព្រមទាំងជួយដល់ការស្ដារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងសហការរបស់សហភាពអឺរ៉ុប ក្នុងការជួយស្តារប្រទេសកម្ពុជាឡើងវិញក្រោយពីសង្គ្រាម។ ភាពជាដៃគូនេះរួមមានគំនិតផ្តួចផ្តើមជាច្រើន ដូចជាការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍវិស័យកសិកម្ម ការគ្រប់គ្រងការផ្លាស់ទីលំនៅ ធនធានមនុស្ស និងការបោសសំអាតគ្រាប់មីន ដែលបានរួមចំណែកដល់ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ នៅកម្ពុជា។ 

ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការវិវត្តគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ នៅក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប រួមទាំងកិច្ចសន្ទនាកម្រិតខ្ពស់ញឹកញាប់ ដែលបានលើកកម្ពស់នូវការយល់ដឹងប្រសើរ និងការប្រែប្រួលនូវការយល់ឃើញចំពោះកម្ពុជា។ សមិទ្ធផលវិជ្ជមានទាំងនេះបង្កើតជាមូលដ្ឋាន រឹងមាំសម្រាប់ការធ្វើពិពិធកម្មនៃភាពជាដៃគូនាពេលអនាគត។ 

សហភាពអឺរ៉ុបបានក្លាយជាដៃគូរពាណិជ្ជកម្មធំជាងគេទីប្រាំរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ ប៊ីលានអឺរ៉ូ ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដូចបានលើកឡើងនៅក្នុង «យុទ្ធសាស្ត្រអភិវឌ្ឍន៍ អឺរ៉ុបរួម ឆ្នាំ២០២១-២០២៧»។ 

បន្ថែមលើនេះ ភាគីទាំងពីរទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល ក្នុងឆ្នាំនេះ ដើម្បីដាក់ចេញនូវផែនការសកម្មភាពសំដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហការពហុវិស័យ។ 

លោកជំទាវឯកអគ្គរដ្ឋទូត MORENO បានកោតសរសើរដល់ភាពប៉ិនប្រសប់របស់កម្ពុជាក្នុង នាមជាប្រធានអាស៊ានពេញមួយឆ្នាំ២០២២ រួមទាំងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន- សហភាពអឺរ៉ុប ប្រកបដោយជោគជ័យ ដែលបានប្រព្រឹត្តទៅកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ៕