2024-03-21 08:03
41

\បន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌចំនួន ០២គ្រាប់ បានផ្ទុះកក្រើកកណ្តាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានករណីភ្លើងឆេះព្រៃលើភ្នំស្វាយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះកម្លាំងសមត្ថកិច្ចចម្រុះក្រុង និងខេត្តប្រមាណជាង ១០០០នាក់ បានចេញប្រតិបត្តិការអន្តរាគមន៍ចុះបាញ់ទឹកពន្លត់ ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់របស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ 
   ហេតុការណ៍ភ្លើងឆេះភ្នំស្វាយ ក្រុងសិរីសោភ័ណនេះ បានកើតឡើងនៅម៉ោងវេលា ០៤ល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចម្រុះស្នងការខេត្ត អាវុធហត្ថក្រុង រដ្ឋបាលក្រុង យោធា ប្រមាណជាង ១ពាន់នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ១១គ្រឿង ប្រតិបត្តិការបាញ់ទឹកពន្លត់ភ្លើងដើម្បីកុំឱ្យរីករាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋដោយប្រើពេលជាង ៤ម៉ោង ទើបគ្រប់គ្រងស្ថានភាពភ្លើងឆេះព្រៃជាស្ថាពរ។
   តាមប្រភពព័ត៌មាន បានរាយការណ៍ថា ក្នុងករណីភ្លើងឆេះព្រៃលើភ្នំស្វាយ ផ្តើមឡើងមកពីអាកាសធាតុក្តៅខ្លាំង បណ្តាលរុក្ខជាតិធម្មជាតិងាប់ និងមនុស្សដុតភ្លើងព្រៃក៏រាលឆេះពេញលើភ្នំស្វាយ និងបណ្តាលឱ្យគ្រាប់យុទ្ធភ័ណ្ឌបន្សល់ទុកពីសម័យសង្គ្រាម ចំនួន ០២គ្រាប់បានផ្ទុះកក្រើកធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុមានការភ័យស្លន់ស្លោយ៉ាងខ្លាំង។
  លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា «ករណីភ្លើងឆេះព្រៃលភ្នំស្វាយនេះ មានរយៈពេលប្រមាណ ៤ម៉ោង ទើបរលត់វិញ បន្ទាប់ប្រើប្រាស់កម្លាំងចម្រុះជាង ១ពាន់នាក់ និងរថយន្តពន្លត់អគ្គីភ័យ ចំនួន ១១គ្រឿង អន្តរាគមន៍បាញ់ទឹកពន្លត់ហើយមិនបង្កឲ្យប៉ៈពាល់ដល់ផ្ទៈប្រជាពលរដ្ឋឡើយ។ លោកអភិបាលខេត្ត បានអំពាវនាវឱ្យសូមឲ្យបងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីគ្រោះអគ្គិភ័យនៅរដូវប្រាំងនេះ»៕