2023-09-26 11:09
184

(ត្បូងឃ្មុំ)៖ មុនពេលដែលពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌជិតចូលមកដល់លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា និងក្រុមញាតិគ្រួសារ បានចែកអំណោយជាសំលៀកបំពាក់ផ្ទាល់ និងថវិកាមួយចំនួន ជូនដល់ពលរដ្ឋក្រីក្រដែលជាអ្នកភូមិផងរបងជាមួយរស់នៅក្នុងភូមិទី៧ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ការចែកអំណោយនេះបានធ្វើឡើងក្នុងពិធីជួបជុំនៅក្នុងភូមិរវាងតំណាងគ្រួសារជិត៥០០នាក់ជាមួយក្រុមញាតិគ្រួសាររបស់លោកទេសរដ្ឋមន្រ្តី និងតាមរយៈការចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រដល់ខ្នងផ្ទះកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ។

បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត។ ជាទំនៀមទម្លាប់ ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ ប៉ុន្តែពិធីបុណ្យនេះ ក៏ដូចជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនានិងទំនៀមទំលាប់ដទៃទៀត ត្រូវបានលុបចោលទាំងស្រុងក្នុងរបបប៉ុល ពត នៅចន្លោះឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។

តាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរ បង្ហាញថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាជនយើងរៀបចំ ប្រារព្ធឡើងដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ឪពុកម្តាយអ្នកមានគុណ បុព្វការីជន ក្រុមគ្រួសារ ញាតិការ៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។ ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះនឹងចាប់ផ្តើមពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៣ ៕