2024-02-16 10:02
65

ព្រះសីហនុ៖ ក្រុមជនជាតិតៃវ៉ាន់ ចំនូន ០២នាក់រៀបចំគម្រោងបង្កើតព្រឹត្តិការណ៍ក្លែងក្លាយស្តីពីសកម្មភាពចាប់ជំរិត និងឃាតកម្មឡាយវីដេអូលើបណ្តាញសង្គមធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ ត្រូវបានតុលាការសម្រេចកាត់ទោសម្នាក់ៗ ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យប្រាក់ ៤លានរៀល ពីបទៈ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ 

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទចំនួន ០២នាក់ រួមមាន៖ ឈ្មោះ CHEN NENG CHUAN ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) និងឈ្មោះ LU TSU HSIEN ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះចោទប្រកាន់ពីបទៈ ល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ចំពោះវត្ថុតាងមានសកម្មភាព ការថតសំដែងនិយាយជាភាសាចិនដែលនាំឱ្យសាធារណជនភ័ន្តច្រឡំ។ 

ករណីនេះ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសជនជាប់ចោទទាំង ០២នាក់ ដាក់ពន្ធនាគារ ០២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ចំនួន ៤លានរៀល ពីបទល្មើស «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ»។ 
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា «បុគ្គលទាំងពីរនាក់នេះ បានចូលមកប្រទេសកម្ពុជា ក្នុងគោលបំណងផលិតវីដេអូបំភ្លើសការពិត អំពីសកម្មភាពពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស»។ 

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅអគារមួយ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បុគ្គលទាំងពីររូបខាងលើ បានថតសំដែង ផ្សាយផ្ទាល់ចេញពីគណនី Facebook ឈ្មោះ WA AN XIAO JI ដែលមានសកម្មភាពត្រូវបានសន្តិសុខចាប់ខ្លួន និងវាយដំ។ 

លុះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បុគ្គលទាំងពីររូបខាងលើ បានថតសំដែង ផ្សាយផ្ទាល់សាជាថ្មីម្តងទៀត ចេញពីទីតាំងម្តុំឆៃណាថោន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានសកម្មភាពរត់គេចខ្លួន មានការភ័យខ្លាច និងនិយាយជាភាសាចិនមានអត្ថន័យថា «ខ្លួនត្រូវបានគេតាមចាប់វាយធ្វើបាប និងស្រែកឱ្យគេជួយ»។ 

ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាង តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ និងបញ្ជូនឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ ៣៤ឆ្នាំ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីជំនុំជម្រះតាមនីតិវិធីនៃការ បង្ហាញខ្លួនភ្លាមពីបទៈ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្នុងភូមិ៦ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ»។ 

ករណីខាងលើសាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីជំនុំជម្រះលើសំណុំរឿងខាងលើ ទៅតាមនីតិវិធីច្បាប់ ហើយបានប្រកាសសាលក្រមលេខ ៩៩/១៤ "ឋ" ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសម្រេចផ្ដន្ទាទោសឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន(តៃវ៉ាន់) និង ឈ្មោះ LUTSU HSIEN ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន (តៃវ៉ាន់) ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤លានរៀល ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ 

នៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា៖ ក្រុមជនជាតិចិនទាំង ០២នាក់ បានរៀបចំផែនការផលិតវីដេអូក្លែងក្លាយនៅប្រទេសកម្ពុជា តាំងពីកំឡុងខែមករាមកម្លេះ និងបានចូលមកប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងមានជួលរថយន្តតាក់ស៊ីជិះស្វែងរកទីតាំងអំណោយផល ដើម្បីរៀបចំថតវីដេអូ នៅរាជធានីភ្នំពេញ ប៉ុន្តែរកមិនបានទើបនាំគាំបន្តដំណើរទៅខេត្តព្រះសីហនុ ដោយឈប់ទិញសម្លៀកបំពាក់ធា និងសម្ភារៈមួយចំនួនទៀត នៅផ្សារទឹកថ្លា។ 

លោក គួច ចំរើន បានបន្ថែមទៀតថា ពេលមកដល់ខេត្តព្រះសីហនុក្រុមជនសង្ស័យបានជិះរថយន្តស្វែងរកទីតាំងណាដែលស្ងាត់ ដើម្បីប្រឌិតថតវីដេអូក្លែងក្លាយ និងបានស្នាក់នៅសណ្ឋាគារមួយ លុះកំណត់ទីតាំងបាននៅម្តុំអូរត្រេះ ពួកគេបានថតសកម្មភាពដោយធ្វើជារងគ្រោះត្រូវបានជនល្មើសចាប់ជំរិត ធ្វើទារុណកម្ម និងព្យាយាមរត់គេច និងបានបិទវីដេអូធ្វើដូចជាត្រូវសន្តិសុខចាប់បាន។ លុះស្អែកឡើងក្រុមនេះចាប់ផ្តើមថតសកម្មភាពបន្តទៀតដោយមានលាបថ្នាំពណ៌ធ្វើដូចរបួសត្រូវបានជនល្មើសវាយធ្វើបាបជាដើម។ 

លោកអភិបាលខេត្តបានបញ្ជាក់ថា «តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានរកឃើញថា ពួកគេបានរៀបចំគម្រោងប្រឌិតរឿងរ៉ាវចាប់ជំរិត និងឃាតកម្មនេះឡើង ដើម្បីទាក់ទាញអ្នកចូលទស្សនាឲ្យបានច្រើន ក្នុងគោលបំណងលក់ផលិតផលរបស់ពួកគេ ដោយពួកគេទាំង ២នាក់ជាថៅកែ និងបុគ្គលិក ហើយមានប្រពន្ធនៅក្រៅប្រទេសជួយស៊ែរវីដេអូនេះផងដែរ»។ 

តាមការបញ្ជាក់របស់លោក គួច ចំរើន បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់នឹងត្រូវអនុវត្តទោសតាមច្បាប់របស់ប្រទេសកម្ពុជារួចរាល់ នឹងត្រូវបណ្តាញចេញទៅប្រទសកំណើតវិញ៕