2023-09-29 04:09
185

(ក្រចេះ)៖ លោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ការប្រជុំផ្សព្វផ្សាយនេះ មានចូលរួមពីមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋចំនួន៥ភូមិ ក្នុងឃុំ ខ្សាច់អណ្ដែត ស្រុកឆ្លូង។

នាឱកាសនោះ លោកអភិបាលរងស្រុក បានពន្យល់ណែនាំប្រជាពលរដ្ឋ ពីដំណាក់កាលនីមួយៗ នៃការចុះបញ្ជីដីធ្លី ជូនដល់សាធារណជនដែលជាអ្នកកាន់កាប់ ឬអ្នកពាក់ព័ន្ធដីស្រែ ចំការ និងដីលំនៅឋាន ព្រមទាំងគ្រប់មន្ទីរ អង្គភាព គ្រប់ស្ថាប័ន ដែលពាក់ព័ន្ធនឹងក្បាលដី ទាំងអស់ដែលស្ថិតក្នុងតំបន់វិនិច្ឆ័យខាងលើ និងឆ្លៀតឱកាសដើម្បីចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធយ៉ាងផុសផុល ដើម្បីឱ្យដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានរលូន។

លោកអភិបាលរង បានស្នើឱ្យបងប្អូនមានដីធ្លីនៅឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ត្រៀមឯកសារភ្ជាប់មួយចំនួនដូចជា៖ បញ្ជាក់សំបុត្រកំណើត, បញ្ជាក់សំបុត្រអាពាហ៍ពិពាហ៍ (ទៅបញ្ជាក់នៅក្រុង ស្រុកកំណើតជាទីតាំងដែលអស់លោ លោកស្រីបានធ្វើសំបុត្រកំណើត)។

ដោយឡែក បញ្ជាក់សៀវស្នាក់នៅ បញ្ជាក់អត្តសញ្ញាណប័ណ្ណ, បញ្ជាក់សៀវភៅគ្រួសារ (សូមទៅបញ្ជាក់នៅច្រកចេញចូលតែមួយស្រុកឆ្លូង  បញ្ជាក់ភាពនៅលីវ (បញ្ជាក់នៅសាលាឃុំណាដែរនៅជិត ឬដែលរស់នៅ) ឯកសារទិញ-លក់ ច្បាប់ដើម ឯកសារបញ្ជាក់ចម្លងពីធនាគារ ឬមីក្រូហិញ្ញវត្ថុ ករណី ឯកសារជាប់ដីដាក់បញ្ចាំ។ ហើយត្រូវចូលរួមកាប់ ឆ្ការ ស្មៅ ព្រៃនៅតាមព្រំដីឲ្យស្អាត និងបោះបង្គោលព្រំផង ងាយស្រួលមន្ត្រី ចុះអនុវត្តបានលឿន។ លោកសូមស្នើឱ្យមេភូមិគ្រប់ភូមិជួយជំរុញប្រជាពលរដ្ឋឱ្យចូលរួមជាមួយជាមួយក្រុមការងារកុំអាក់ខាន៕