2023-07-25 06:07
188


(ភ្នំពេញ)៖  ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការទទួលបាននូវអគារថ្មីៗ បន្តបន្ទាប់ទាំងអគារទីស្តីការក្រសួង និងអគារនៅអង្គភាពក្រោមឱវាទ គឺជាការលើកទឹកចិត្តដ៏ស័ក្តិសមមួយ ពីរាជរដ្ឋាភិបាល និងក្រសួងចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្រោមម្លប់សន្តិភាព ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រទេសដ៏វៀងវៃ និងប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត។


    ការថ្លែងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក្នុងឱកាសដែលក្រសួងបានរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការ នូវអគារទីស្តីការក្រសួងកម្ពស់១៨ជាន់ថ្មីមួយទៀត តាមបណ្តោយមហាវិថីព្រះនរោត្តម បន្ទាប់ពីមានអគារថ្មីកម្ពស់៩ជាន់ ដែលមានសព្វថ្ងៃ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ជាមួយក្រុមហ៊ុនសាងសង់ក្រោយសាងសង់រួចរាល់ជាស្ថាពរ។
   ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានបង្ហាញនូវទឹកចិត្តរីករាយវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលថ្មីនេះ និងកោតសរសើរចំពោះកិច្ចសហការល្អ រវាងគណៈកម្មការសាងសង់របស់ក្រសួង និងតំណាងក្រុមហ៊ុនសាងសង់ទាំងពីរ ជំរុញឲ្យដំណើរការសាងសង់សម្រេចបានតាមការគ្រោងទុក និងអនុលោមតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ។
   តាមរបាយការណ៍របស់ លោក ឃុន សេងផេង តំណាងក្រុមហ៊ុនសាងសង់ គឺក្រុមហ៊ុនឃុន សៀ អ៊ីមផត អ៊ិចផត បានបញ្ជាក់ថា អគារទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពស់១៨ជាន់ ចាប់ផ្តើមការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។
   លោក ឃុន សេងផេង បានបន្ថែមថា ក្នុងរយៈពេល នៃការសាងសង់ទីស្តីការក្រសួងជាង៣ឆ្នាំនេះ ក្រុមហ៊ុនរបស់លោក និងក្រុមហ៊ុនដៃគូ គឺក្រុមហ៊ុន ម៉ាទីន ឌីហ្សាញ និងសឹកសេស ប៊ីល ទទួលបានការគាំទ្រជានិច្ច ទាំងផ្នែកពិគ្រោះយោបល់ និងបច្ចេកទេស ពីគណៈកម្មការសាងសង់របស់ក្រសួង ក្នុងកិច្ចសហការ និងយោគយល់គ្នាយ៉ាងល្អប្រសើរ។
   សូមបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយភាពឈ្លាសវៃ និងច្នៃប្រឌិតខ្ពស់របស់លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ តាំងពីអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងរហូតមកដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជាប្រធានស្ថាប័ន បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយស្មារតី និងបញ្ញាញាណ ក្នុងការអភិវឌ្ឍក្រសួង លើគ្រប់វិស័យឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ននេះ។
   ក្នុងនោះការសាងសង់អគារទីស្តីការក្រសួង វិទ្យាស្ថានមជ្ឈមណ្ឌល អគ្គនាយកដ្ឋាន មន្ទីរពិសោធន៍ និងបណ្តាអង្គភាពមន្ទីរជុំវិញ២៥រាជធានី-ខេត្ត ក្រោមឱវាទក្រសួង ក៏ត្រូវបានសាងសង់ជាអគារថ្មីៗទាំងអស់ ព្រមទាំងបំពាក់នូវសម្ភារៈការិយាល័យគ្រប់គ្រាន់ ដើម្បីឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានធ្វើការងារប្រកបដោយភាពសមរម្យ និងមោទនភាព។
   អគារថ្មីទីស្តីការរបស់ក្រសួងនេះ គឺមានជណ្តើរយោង រថយន្តចំនួន២គ្រឿង អាចចតរថយន្តនៅជាន់ទី១ ទី២ និងទី៣ បានចំនួន៤៥គ្រឿង៕