2023-10-02 04:10
165

ភ្នំពេញ​ ៖​ រថយន្តម៉ាក toyota prius មួយគ្រឿងបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តម៉ាក toyota prius មួយគ្រឿងទៀតដែលកំពុងបើកឆ្លងផ្លូវចំពាក់កណ្ដាលពេញទំហឹង​រងការខូចខាតយ៉ាងដំណំនិងបណ្ដាលឱ្យរថយន្តមួយគ្រឿងរេចង្កូតទៅបុករបងដែកមុខផ្ទះប្រជាពលរដ្ឋបាក់ជាច្រើនកង់​ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នៅចំណុចក្បែរនឹងអគ្គិសនីកម្ពុជា ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង​ ក្នុងសង្កាត់ក្រាំងធ្នង់​ ខណ្ឌសែនសុខ​ ។ 

 ​តាមប្រភពព័ត៌មានបានឱ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកToyota prius ពណ៌ខ្មៅ​ មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BV-7743​ បេីកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងបុរសពីរនាក់ទៀតបានចេញពីផ្លូវបេតុងក្នុងបុរីមួយកន្លែងក្នុងទិសដៅពីត្បូងទៅជើងដោយប្រើល្បឿនលឿន​ លុះមកដល់ចំណុចកើតហេតុខាងលើ​ក៏បានបើកឆ្លងផ្លូវបំបែកជាបួន​ ខណៈពេលឆ្លងដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានរថយន្តម៉ាក toyota prius មួយគ្រឿងទៀត​ ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខ ភ្នំពេញ 2X-9212 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវបេតុង​ ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿននិងមិនបង្អង់ល្បឿនក៍ជ្រុលទៅបុករថយន្តរថយន្តToyota Prius​ ពណ៌ខ្មៅ​ ចំពាក់កណ្ដាលពេញទំហឹងបណ្តាលឱ្យរេចង្កូតទៅបុករបងដែកផ្ទះប្រជាពលរដ្ឋរងការខូចខាតជាច្រើនផ្ទាំង​ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ​ ដោយខូចខាតតែរថយន្តទាំងពីរគ្រឿងនិងរបងដែកមុខផ្ទះពលរដ្ឋជាច្រើនផ្ទាំងប៉ុណ្ណោះ។

​  ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយឱ្យភាគីទាំងសងខាងសម្រួលគ្នាដែរតែមិនត្រូវ​គ្នាទេីបមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕