2023-10-21 04:10
438

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវចោទម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចប្រាប់ថាៈនៅវេលាម៉ោង១៧ និង ១៥នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះអនុវត្តលើជនត្រូវចោទឈ្មោះ វ៉ាន់ វិច្ឆិកា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ពីបទលួច(ម៉ូតូ) ដែលប្រព្រឹត្តនៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ។ 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ការឃាត់ខ្លួនជនត្រូវចោទខាងលើ ត្រូវបានអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១៥២ ព្រទ.”ឈ”/២៣ ចុះថ្ងៃទី០៤ ខែតុលា  ឆ្នាំ២០២៣ របស់លោក ងួន រតនៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ។

ជនត្រូវចោទឈ្មោះ វ៉ាន់ វិច្ឆិកា ភេទប្រុស កើតឆ្នាំ២០០៨ ពីបទលួចប្រព្រឹត្តនៅភូមិចក្រី ឃុំជប់វាំរី ស្រុកព្រះនេត្រព្រះ  កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ។លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថាមុនឃាត់ខ្លួនជនត្រូវចោទខាងលើ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ។

បច្ចុប្បន្នជនសង្ស័យៈត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕