2023-06-15 04:06
342


ភ្នំពេញ ៖      ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុបក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 


បុរសម្នាក់បានបើករថយន្តម៉ាក Lexus RX 330 មួយគ្រឿងយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តម៉ាក Toyota Prius មួយគ្រឿងចំពីក្រោយពេញទំហឹង និងរុញទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១ផ្ទាំងទៀត រងការខូចខាតយ៉ាងដំណំ ។ 
    បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងមានបុរសម្នាក់បានបើករថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BY-5545 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដមពីត្បូងទៅជើងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ទៀតបានបើករថយន្តម៉ាក Lexus RX 330 ពណ៌ស្ក ពាក់ផ្លាកលេខភ្នំពេញ 2AM-7158 ធ្វើដំណើរស្របទិសគ្នាយ៉ាងលឿនមិនប្រយ័ត្នបានទៅបុករថយន្ត Prius ពីក្រោយពេញទំហឹង និងធ្វើឱ្យរថយន្ត Prius ខ្ទាតទៅបុកបន្តរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ថែមទៀតរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ ។ ប៉ុន្តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ។ 
   ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទួចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីរថយន្តទាំងសងខាងចូលខ្លួនដោះស្រាយតាមច្បាប់ ៕