2023-09-27 05:09
474

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅ ធ្វេីការចាប់ឃាត់ខ្លួន បន្ទាប់ពីជននេះប្រេីកាំបិតកាប់ទៅលើស្រ្តីម្នាក់ដែលជាបងថ្លៃបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៦ និង៥២នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិដើមស្លែង ម្ដុំដើមឈើទាលធំ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ 

ជនសង្ស័យខាងលើមានឈ្មោះ ភឿន ច័ន្ទធឿន អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បេីតាមចម្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា ខ្លួនជិះម៉ូតូទៅផ្ទះបងថ្លៃ ក្នុងគោលបំណងទារលុយ ដែលបងថ្លៃរបស់ខ្លួនជំពាក់ចំនួន ៨.០០០ដុល្លារ ។ ប៉ុន្តែបងថ្លៃបែរជានិយាយពាក្យមិនសមរម្យ និង គ្មានទំនួលខុសត្រូវ ទើបធ្វើអោយជនសង្ស័យ និង ជនរងគ្រោះ ឈ្លោះទាស់ពាក្យសម្តីគ្នា ។

ស្របពេលនោះជនសង្ស័យបានក្រឡេកឃើញកាំបិត ដែលទុកលើគ្រែមុខផ្ទះ រួចជនសង្ស័យបានស្ទុះទៅយកកាំបិត និងធ្វើសកម្មភាពកាប់ទៅលើបងថ្លៃរបស់ខ្លួន បណ្តាលអោយរងរបួសដៃ និងក្បាលធ្ងន់ធ្ងរ រួចបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ភ្លាមៗ ។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនយកមកសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕