2024-02-02 04:02
60

ខេត្តក្រចេះ ៖   នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហេង សុថា អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនិងជូនពរថ្នាក់ដឹកនាំខេត្តប៊ិញយឿងដែលជាខេត្តសម្ព័ន្ធមិត្ត លើកិច្ចសហប្រតិបត្តិការដៃគូរអភិវឌ្ឍន៍ព្រំដែន ជាមួយនិងខេត្តក្រចេះ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលមានឯកឧត្តម ង្វៀន វ៉ាន់ យ៉ាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងឯកឧត្តម ង្វៀន វ៉ានឡើយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាគណៈកម្មាធិការបក្សខេត្ត និងឯកឧត្តម វ៉ វ៉ាន់មិញ អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត ។

 ថ្លែងក្នុងឱកាសនោះ លោក ហេង សុថា អភិបាលរងខេត្តក្រចេះ បានសំដែងនូវការអរគុណដ៍ជ្រាលជ្រៅបំផុតចំពោះបក្ស និងរដ្ឋ រណសិរ្ស កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តប៊ិញយឿង តែងតែជួយគាំទ្ររាល់សកម្មភាព នៃការអភិវឌ្ឍ និងការជួយកាត់បន្ថយការលំបាក របស់ប្រជាពលរដ្ឋខេត្តក្រចេះ តាំងពីអតីតខេត្តសុងប៊ែរ ។ សកម្មភាពនេះ គឺជាការផ្សារភ្ជាប់នូវប្រពៃណីសាមគ្គីគ្នាទៅវិញទៅមកក្នុងគ្រាក្រលំបាក ក៏ដូចពេលមានសន្តិភាព និងការអភិវឌ្ឍពេញលេញ ដែលធ្វើឲ្យមនោសញ្ចេតនាជាបងប្អូនស្ថិតស្ថេរមិនអាចបំភ្លេចបាន និងបន្តសហប្រតិបត្តិការឲ្យកាន់តែរឹងមាំបន្ថែមទៀត លើគ្រប់វិស័យដែលបក្ស និងរដ្ឋនៃប្រទេសទាំងពីរប្រគល់ជូន ។

  លោកបន្តថា ៖ តាមរយៈថ្នាក់ដឹកនាំបក្សរដ្ឋ រណសិរ្សខេត្តប៊ិញយឿង ដែលបានជួយគាំទ្រឧបត្ថម្ភថវិកាដល់រដ្ឋបាលខេត្តក្រចេះ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរួមមាន ៖ ស្ពានក្រចេះ-សុងប៊ែរ ,ស្ពានមិត្តភាព ក្រចេះ-ប៊ិញយឿង ,ផ្សារសាមគ្គីក្រចេះ,សាលាមតេយ្យសិក្សាក្រចេះក្រុង,ទំនប់ ប្រឡាយ អណ្តូងទឹកជាដើម ។ និងការជួយឧបត្ថម្ភថវិកា និងសម្ភារៈដើម្បីទប់ស្កាត់ និងការពារការចម្លងជម្ងឺកូវីដ-១៩ដល់ប្រជាជនខេត្តក្រចេះនាពេលកន្លងមក ។ ហើយជាក់ស្តែងនៅពេលថ្មីៗនេះ ខេត្តប៊ិញយឿងបានឧបត្ថម្ភថវិកាសម្រាប់សាងសង់មណ្ឌលសុខភាព ក្រចេះ-ប៊ិញយឿង ០១កន្លែង ស្ថិតនៅឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ បច្ចុប្បន្នការសាងសង់ សម្រេចបានប្រមាណ៦០% ។    លោក ហេង សុថា បន្តទៀតថា ៖ ក្នុងនោះដែរខេត្តប៊ិញយឿង ក៏បានផ្ដល់អាហារូបករណ៍ថ្នាក់ បរិញ្ញាបត្រចំនួន១០កន្លែង ក្នុង០១ឆ្នាំ ដល់សិស្សនិសិ្សតនៅខេត្តក្រចេះ ហើយបានទទួលយ៉ាងកក់ក្ដៅដល់ថ្នាក់ដឹកនាំគណៈប្រតិភូក្រសួង និងរដ្ឋបាលខេត្តក្រចេះ ដើម្បីបំពេញទស្សនៈកិច្ច សិក្សាលើវិស័យអប់រំ សុខាភិបាល កសិកម្ម និងការផ្តល់បទពិសោធន៍នៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយនៅខេត្តប៊ិញយឿង ។

  លោកសង្ឃឹមជឿជាក់ថា ៖ ខេត្តសម្ព័ន្ធមិត្តទាំងពីរ នៅតែបន្តកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកឲ្យកាន់តែរីកចម្រើនឥតឈប់ឈរ សំដៅធានាឲ្យបាននូវល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៃខេត្តទាំងពីរ ៕  ណូរិទ្ធ (ក្រចេះ)