2024-02-08 10:02
57

ភ្នំពេញ- ជនសង្ស័យម្នាក់ត្រូវបានកម្លាំង នគរបាលខណ្ឌដង្កោសហការជាមួយនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងឯក ធ្វើការឃាត់ខ្លួនបានភ្លាមៗ ខណ:ធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋពីរគ្រឿងក្នុងពេលតែមួយ តែពុំបានសម្រេច ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើនេះ មានឈ្មោះ កុល ពិសិដ្ឋ អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថាមុនពេលកើតហេតុដំបូងជនសង្ស័យ បានធ្វើសកម្មភាពចូលទៅលួចម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌ឈាមជ្រូកពាក់    ផ្លាកលេខ កណ្តាល1U 2365 ដែលម្ចាស់ចតទុកក្នុងដីឡូត៍  បន្ទាប់មកជនសង្ស័យបានព្យាយាមជិះគេចខ្លួន លុះពេលជិះបានពាក់កណ្តាលផ្លូវស្រាប់តែម៉ូតូរលត់ម៉ាស៊ីន គ្រានោះជនសង្ស័យបានទុកម៉ូតូចោលកណ្តាលផ្លូវហើយបានត្រឡប់មកវិញរួចចូលទៅលួចម៉ូតូមួយគ្រឿងទៀត ម៉ាកស៊ុយហ៊្សុយគីនិច ដែលម្ចាស់ចតទុកក្នុងផ្ទះ រួចបានបណ្តើរចេញចៃដន្យត្រូវបានម្ចាស់ឃើញទាន់ក៏ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងជួយនាំគ្នាចាប់បានភ្លាមៗតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូទាំងពីគ្រឿងខាងលើនេះពិតប្រាកដមែន ។ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលខ័ណ្ឌដង្កោដើម្បីធ្វើការសាកសួរនិងរង់ចាំ  កសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់ ។