2024-03-12 05:03
60

ភ្នំពេញ ៖ កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវលេខ១៩០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញបុរសម្នាក់បានរត់ហក់ធាក់ជនសង្ស័យ២នាក់ឲ្យធ្លាក់ពីលេីម៉ូតូនិងចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យទាំងនេះបានធ្វើសកម្មភាពលួចខ្ទឹមសនិងខ្ទឹមបំពងពីលើកង់បីរបស់ខ្លួន ។

   តាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ខ្ទឹមស ខ្ទឹមបំពងខាងលេីបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានបើកកង់បីដឹកទំនិញតាមបណ្ដោយផ្លូវលេខ១៩០ មកផ្សារដេីម្បីមកយកអីវ៉ាន់នៅឃ្លាំង ខណៈនោះគាត់បានចូលទៅជញ្ជូនអីវ៉ាន់ពីក្នុងឃ្លាំង រួចក៏ចេញមកវិញ ស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-2871 បានលើកយកខ្ទឹមសមួយថង់និងខ្ទឹមបំពងមួយថង់ បម្រុងនឹងជិះម៉ូតូគេចខ្លួន ។ ភ្លាមៗគាត់ជាជនរងគ្រោះក៏រត់ទៅហក់ធាក់ជនសង្ស័យខាងលើធ្លាក់ពីលើម៉ូតូ រួចស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្ដង។

   បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ រួមនឹងម៉ូតូ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២  ដើម្បីធ្វើការសាកសួរ នឹងចាត់ការបន្តតាមច្បាប់ ៕