2024-03-02 11:03
68

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ចៅ ភារុណ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេ ក្រសួងការពារជាតិ បានស្នើសុំទៅលោកឧបនាយកដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ចាត់ការតាមវិធានការផ្លូវច្បាប់ ចំពោះបុគ្គលដែលក្លែងបន្លំ ប្រើប្រាស់ដោយមិនមានការអនុញ្ញាតស្លាកលេខ «ខេមរភូមិន្ទ» ទៅឱ្យជនជាតិចិនប្រើប្រាស់យ៉ាងអនាធិបតេយ្យបង្កបញ្ហានៅក្រុងកំពង់សោម ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសតម្លៃ នៃកងយោធពលខេមរភូមិន្ទ និងផ្តន្ទារទោសតាមផ្លូវច្បាប់។

នាយឧត្តមសេនីយ៍ ចៅ ភារុណ បានសរសេរក្នុងលិតដាក់ជូនលោកឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ ថា « រថយន្ត ០១គ្រឿង ម៉ាក LEXUS GS300 ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ02 2-4572 ដែលបើកបរដោយជនជាតិចិន ហើយមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ត ម៉ាក HYUNDAI STAREX នៅវេលាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៨ ទីតាំងម្តុំអូ៥ សង្កាត់៤ ក្រុងព្រះសីហនុ ពុំមានក្នុងបញ្ជីគ្រប់គ្រងរបស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិយើងទេ»។ 

នាយឧត្តមសេនីយ៍ ចៅ ភារុណ បានបញ្ជាក់ក្នុងលិខិតថា «រថយន្តដែលពាក់ស្លាកលេខខេមរភូមិន្ទ02 2-4572  ធ្លាប់បានគ្រប់គ្រងកន្លងមកមានអត្តសញ្ញាណ LEXUS GS300 ប្រភេទ ទេសចរណ៍ លេខតួ: 050844 លេខម៉ាស៊ីន: 012343 ពណ៌ត្រេអ៊ី ឆ្នាំផលិត: 2005 ទំហំស៊ីឡាំង: 3300cc សុពលភាពប្រើប្រាស់: 13-02-2020 អង្គភាពប្រើប្រាស់ បញ្ហាការដ្ឋានអង្គរក្ស អគ្គបញ្ជាការដ្ឋានអង្គរក្ស អ្នកប្រើប្រាស់ ឧត្តមសេនីយ៍ត្រី ឈួ ស៊ុយហូត តួនាទី នាយទាហានការពារផ្ទាល់បញ្ហាការដ្ឋានអង្គរក្ស ហើយរថយន្តនេះបានផុតសុពលភាពប្រើប្រាស់នៅថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០២០។

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសគោរពស្នើសុំឲ្យក្រសួងការពារជាតិ ចាត់ការតាមវិធានការផ្លូវច្បាប់ ចំពោះបុគ្គលដែលក្លែងបន្លំ ប្រើប្រាស់ដោយមិនមានការអនុញ្ញាត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសតម្លៃនៃកងយោមិទ្ធ និងទារទោសតាមផ្លូវច្បាប់។

សូមរំឭកថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៩និង៥០នាទី លើផ្លូវមិត្តភាព ត្រង់ចំណុច ភ្នំ៩៦ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត ០១គ្រឿង ម៉ាក LEXUS GS300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-2-4572 បើកបរដោយឈ្មោះ FANG LAJIAN ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ4916179 មានប័ណ្ណបើកបរខ្មែរលេខ B.00355078 បច្ចុប្បន្នស្នាក់នៅ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅកើត លុះមកដល់ចំណុចកើតហេតុ ខណៈពេលបើកសុខក៏ឈប់ដោយមិនបានផ្តល់សញ្ញា ក៏ត្រូវបានរថយន្ត ០១គ្រឿង ម៉ាក HYUNDAI STAREX ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-0276 អ្នកបើកបរមានឈ្មោះ អ៊ន់ ប៉ូលីន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ បើកបររថយន្ត បច្ចុប្បន្នស្នាក់នៅ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលបើកបរក្នុងទិសដៅស្របគ្នាបានបុកពីខាងក្រោយពេញទំហឹង។

ក្រោយពេលកើតហេតុ រថយន្តទាំង ០២គ្រឿង រងការខូចខាតស្រាល និងមិនបណ្តាលឱ្យរងរបួសដល់មនុស្សឡើយ ហើយភាគីទាំងពីរឈប់នៅរចិញ្ចើមផ្លូវបាននិយាយចរចារគ្នា ដោយមិនមានការព្រមព្រៀង ស្រាប់តែអ្នកបើកបររថយន្ត ម៉ាក LEXUS GS300 ជាជនជាតិចិនធ្វើការវិការច្រង៉េងច្រង៉ាង ប្រើពាក្យសម្តីខ្លាំង និងចង្អុលមុខសមត្ថកិច្ចរួចឡើងបើររថយន្តបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រម៉ោល ហើយសមត្ថកិច្ចបានធ្វើការប្រដេញតាមចាប់មិនទាន់រហូតរកស្រាវជ្រាវរកឃើញរថយន្តនេះយកមកចតទុកចោលនៅក្នុងរបងសាលាខេត្តចាស់ និងបានស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរងចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕