2023-08-01 11:08
112


ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន ទៅនឹងគេហទំព័រព័ត៌មានឈ្មោះ CNM TV News ដែលបានបង្ហោះផ្សព្វផ្សាយជាវីដេអូ និងមានខ្លឹមសារថា៖ សូមបងប្អូនពិនិត្យមើលពីអាកប្បកិរិយារបស់មន្ត្រីប៉ុស្តិ៍ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដែលកំពុងតែប្រើអាកាប្បកិរិយាមិនសមរម្យ ហាក់បីដូចជាលំអៀងទៅខាងម្ចាស់ការ៉ាសសាំង។ ជាមួយនឹងករណីចាក់សាំងលើសលីត្រស្ថិតនៅថ្ងៃទី 28 ខែកក្កដា  ឆ្នាំ 2023 ស្ថិតនៅការ៉ាសសាំងតេលាមួយកន្លែងដែលមានឈ្មោះ ម៉ែ បាន នៅភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រជាពលរដ្ឋជាច្រើនស្នើសុំឲ្យលោកអធិការស្រុកមេត្តាអប់រំមន្ត្រីថ្នាក់ក្រោមឲ្យមានក្រមសីលធម៌ចំពោះប្រជាពលរដ្ឋគ្រប់រូបផង។


ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវករណីខាងលើជាបន្ទាន់ ។ បន្ទាប់មកលោកអធិការបានឲ្យកម្លាំងនគរបាលយុត្តិធម៌ចុះស្រាវជ្រាវដល់ទីតាំងកើតហេតុជាលទ្ធផល៖
-ករណី៖ ហិង្សាដោយចេតនា
-កើតហេតុ៖ នៅថ្ងៃទី២៨.០៧.២០២៣ ម៉ោង០៧:៣០នាទី នៅចំណុចភូមិព្រៃបាំង ឃុំសុីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 
-ជនរងគ្រោះ ឌឿន សង្ហា ហៅ(សីហា) ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅភូមិព្រៃកត្បាល ឃុំចុងអំពិល ស្រុកកញ្ជៀក ខេត្តព្រៃវែង។
-ជនសង្ស័យមានចំនួន ០២នាក់
១.ឈ្មោះ ហេង សុភក្តិ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅភូមិព្រៃបាំង ឃុំសុីធរ ខ្សាច់កណ្ដាល ខេត្តកណ្ដាល។
២.ឈ្មោះ ហាំង គឹមហៀង ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅជាមួយគ្នា។
+វត្ថុតាង៖  គ្មាន។
-សមត្ថកិច្ចក៏បានប្រាប់ពីសភាពរឿងហេតុថា ៖ កាលពីថ្ងៃទី២៨.០៧.២០២៣ ឈ្មោះ ឌឿន សង្ហា ចូលចាក់សាំងនៅការ៉ាសសាំង ឈ្មោះ ម៉ែ បាន ដោយនិយាយថាបងចាក់សាំងឲ្យខ្ញុំមួយពេញមក ហើយឈ្មោះ ឌឿន សង្ហា ចុះពីរថយន្តដើរចូលបន្ទប់ទឹកពេលត្រឡប់មកវិញបានសួរទៅអ្នកចាក់សាំងថា៖ បងអស់ប៉ុន្មាន? ខាងការ៉ាសសាំងឆ្លើយថាអស់ ៦៧.៩ដុល្លារ ស្រាប់តែឈ្មោះ ឌឿន សង្ហា និយាយតបវិញថា អស់ច្រើនម្លេះបងព្រោះអីសាំងឡានខ្ញុំនៅសល់ជាងមួយកាំហើយក៏ប្រកែកគ្នា ខាងឡានមិនព្រមឲ្យលុយទៅការ៉ាសសាំងនោះទេ បន្ទាប់មកក៏ជេរគ្នាទៅវិញទៅមកហើយឈ្មោះ ហេង លីឃាង ជាកូនស្រីម្ចាស់ការ៉ាសសាំងបានប្រតាយប្រតប់គ្នាជាមួយឈ្មោះឌឿន សង្ហា ក្រោយមកឈ្មោះ ឌឿន សង្ហា បានប្រគល់លុយទៅម្ចាស់ការ៉ាសសាំង។

-លុះដល់ម៉ោង ០៨:១០នាទី ឈ្មោះ ឌឿន សង្ហា បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសុីធរ រួចប៉ុស្ដិ៍នគរបាលរដ្ឋបាលសុីធរ បានហៅភាគីទាំងសងខាងមកនិយាយគ្នាចំនួន ០២លើក តែភាគីទាំងសងខាងមិនព្រមឯកភាពគ្នា។

-ឈ្មោះ ឌឿន សង្ហា សំណូមពរឲ្យឈ្មោះ ភក្តិ និងក្រុមគ្រួសារសុំអភ័យទោសខ្លួននិងថតជាវីដេអូតែឈ្មោះ ភក្តិ និងក្រុមគ្រួសារ និយាយថា សុំទោសបានមិនឲ្យថតជាវីដេអូបង្ហោះទេ តែឈ្មោះ ឌឿន សង្ហា មិនព្រមទេ។

កម្លាំងប៉ុស្តិ៍ស៊ីធរ មិនបានធ្វើការលំអៀងទៅលើភាគីណាឡើយ ដោយគ្រាន់តែសម្របសម្រួលភាគីទាំងសងខាងឲ្យត្រូវគ្នាប៉ុណ្ណោះ។

** ករណីនេះផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់ណ្តាល ចុះស្រាវជ្រាវនិងកសាងសំណុំរឿងបន្តនីតិវិធី។

អាស្រ័យហេតុនេះសូមសាធារណជនជ្រាបជាព័ត៌មាន៕