2023-10-03 07:10
387

(បាត់ដំបង)៖ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទឹកជំនន់ដោយសារទឹកភ្លៀងនៅរសៀលថ្ងៃនេះ បានស្រកវិញហើយ បន្ទាប់ពីអាជ្ញាធរស្រុកបានជម្លៀសពលរដ្ឋជាង១០០គ្រួសារ ទៅកាន់ទីទួលមានសុវត្ថិភាពបង្ការគ្រោះថ្នាក់ពីជំនន់ កាលម្សិលមិញ។

តាមរបាយការណ៍ពីអាជ្ញាធរស្រុកភ្នំព្រឹក បានប្រាប់ឲ្យដឹងថា ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹកមានភូមិចំនួន២ ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងខ្លាំងក្នុងនោះមានភូមិអូរ និងភូមិភ្នំតូច ក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ។

ឥទ្ធិពលជំនន់ទឹកភ្លៀងជោកជាំតាំងយប់ថ្ងៃទី២-៣ ខែតុលា កន្លងមកនេះដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំស្រុក បានដឹកនាំកម្លាំងគណ:បញ្ជាការស្រុកចុះប្រចាំការតំបន់ដែលត្រូវប្រុងប្រយ័ត្ន និងបានអន្តរាគមន៍ជម្លៀស បងប្អូនប្រជាពលរដ្ឋចេញពីភូមិឋានចំនួន ១៣១គ្រួសារ ស្មើ៦៥៥នាក់ នាំទៅកាន់ទីទួលមានសុវត្ថិភាពត្រង់ចំណុចភូមិខ្ពស់ៗក្បែរជិតខាងគ្នា។

តាមមន្ត្រីមូលដ្ឋានខាងលើបន្តថា មកទល់រសៀលថ្ងៃទី៣ ខែតុលា ទឹកជំនន់បានស្រកថយធូរស្រាលបន្តិចហើយ ប្រសិនបើយប់នេះ ឬ នៅថ្ងៃស្អែក មេឃរាំងលែងភ្លៀងនោះ ទឹកជំនន់អាចនឹងស្រកធូរស្រាលប្រសើរឡើងវិញហើយ៕