2023-07-06 12:07
211

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០២៣ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានជម្រាបជូនសាធារណ:ជន ឲ្យបានជ្រាបថា ក្នុងករណីប្រជាពលរដ្ឋទាំងឡាយណា ដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញជាដើម ប្រជាពលរដ្ឋដែលបានរងគ្រោះអាចទំនាក់ទំនងផ្ទាល់នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧ននិង៣០នាទី ដល់ម៉ោង ១១និង៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤និង៣០នាទី ដល់ម៉ោង ១៧និង៣០នាទី។

សូមជម្រាបថា សេចក្តីថ្លែងការណ៍រួម រវាងធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាល បានឱ្យដឹងថា នាពេលថ្មីៗនេះ យើងសង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយនឹងផ្តល់សេវាហិរញ្ញវត្ថុ ក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរសព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយបានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ច និងសង្គមតាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុច្ចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។ ការណ៍នេះ បានជះឥទ្ធិពលដល់ស្ថិរភាព ហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារ នៅកម្ពុជាទាំងមូល

ក្នុងករណីនេះ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន៖ ធនាគារពាណិជ្ជ ,ធនាគារឯកទេស ,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ,គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ,គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិ និង ការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយច្បាប់។

ពាក់ព័ន្ធបញ្ហានេះ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវា ហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមសំណូមពរដល់ ប្រជាពលរដ្ឋត្រូវចៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។ ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា សូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់រាយការណ៍មកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរសព្ទ ចំនួន ០៥ ខ្សែ៖ ០៨៥ ៦០០ ០០២ , ០៨៥ ៦០០ ០០៣ ០៩៨ ២២០ ០០១ ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០។

បន្ថែមពីនេះ ប្រជាពលរដ្ឋក៏អាចប្រឹក្សា/សាកសួរអំពីចម្ងល់ និងបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុមកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទខាងលើផងដែរ៕