2024-02-07 03:02
67

ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រាជរដ្ឋា         ភិបាលតាមរយៈក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទបានផ្តល់ផ្លូវកៅស៊ូ និងផ្លូវបេតុងចំនួន៥ខ្សែ ដែលមានប្រវែងជិត២៧គីឡូម៉ែត្រ ជូនពលរដ្ឋនៅឃុំត្រពាំងសង្កែ ត្រពាំងព្រីង កូនសត្វ និងឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ ពេលស្ថាបនារួច ផ្លូវទាំងនេះនឹងជួយផ្លាស់ប្តូរមុខមាត់ថ្មីរបស់ស្រុក ពិសេសតភ្ជាប់និងតំបន់ទេសចរណ៍ផងដែរ។ 

អភិបាលស្រុកទឹកឈូ លោក អឹម ច័ន្ទសោធន បានប្រាប់ឲ្យដឹងថា: ស្រុកទឹកឈូជាស្រុកមួយដែលពោពេញដោយសក្តានុពលជាច្រើនមានដូចជា វិស័យកសិកម្ម និងវិស័យ ទេសចរណ៍ ជាដើម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយ ដល់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ បង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ រាជរដ្ឋាភិបាលបានផ្តល់ ជាផ្លូវកៅស៊ូ និងផ្លូវបេតុង ចំនួន៥ខ្សែ ដែលមានប្រវែងជិត២៧គីឡូម៉ែត្រ ដែលបច្ចុប្បន្នកំពុងស្ថាបនា ។ 

.     លោកអភិបាលស្រុក បានបញ្ជាក់ថា: ផ្លូវទាំង៥ខ្សែនេះពិតជាមានប្រយោជន៍ និងអាចជួយផ្លាស់ប្តូរមុខមាត់ថ្មីរបស់ស្រុកផង ហើយប្រជាពលរដ្ឋក៏មានក្តីសោមនស្សរីករាយ រំភើបក្រៃលែង ព្រោះជឿជាក់ថា ក្រោយពេលផ្លូវល្អ ពួកគាត់នឹងអាចពង្រីកមុខរបរ កូនចៅកាន់តែងាយស្រួលទៅរៀនសូត្រ ការធ្វើដំណើរមកលេងកំសាន្តរបស់ភ្ញៀវទេសចរក៏មកលេងកាន់តែច្រើន ស្របពេលផលិតផលកសិកម្មរបស់ពួកគាត់ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់និងលើកកម្ពស់ផងនោះ នឹងកាន់តែងាយស្រួលដឹកទៅកាន់ទីផ្សារផងដែរ។ ជាមួយគ្នានេះដែរលោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវទាំង៥ខ្សែ សូមចូលរួមសហការជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធឲ្យបានល្អ ដើម្បីពន្លឿនការសាងសង់ឲ្យរួចរាល់ឆាប់រហ័ស ពិសេសសូមអធ្យាស្រ័យចំពោះបញ្ហារំខានខ្លះៗ និងដីហុយនៅក្នុងអំឡុងពេលស្ថាបនា បើតាមការរំពឹងទុក នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៤នេះ៕