2023-10-06 05:10
228

ភ្នំពេញ ៖ ស្ត្រីម្នាក់បានដួលចូលក្រោមកង់រថយន្តក្រឡុកសុីម៉ងត៍កិនពាក់កណ្ដាលខ្លួនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភ្លើងស្តុបក្រសួងមហាផ្ទៃ លេីផ្លូវព្រះនរោត្តម កែងផ្លូវលេខ៤៦៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះ សំ ស្រីមុំ អាយុ៣៧ឆ្នាំ និងមានស្រុកកំណើតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បើតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត FORD RANGER XLT ពណ៌ស ពាក់ស្លាកលេខកម្ពុជា RUM.7879 បេីកបរយ៉ាងលឿនតាមបណ្ដោយផ្លូវព្រះនរោត្ដមក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏បុកម៉ូតូមួយគ្រឿងដែលកំពុងឈប់រង់ចាំភ្លេីងបៃតងរុញផ្ទប់ចូលក្រោមរថយន្តក្រឡុកស៊ីម៉ងត៍ដែលកំពុងបើកឆ្លងផ្លូវរងការខូចខាតយ៉ាងដំណំ និងត្រូវរថយន្តក្រឡុកស៊ីមងត៍កិនស្ត្រីម្នាក់ដែលជាម្ចាស់ម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម រួចរថយន្តបង្កម៉ាក  FORD RANGER បើកទៅមុខបានប្រហែល៥០ម៉ែត្រ ក៏ចុះគេចខ្លូនបាត់ស្រមោលទៅ។

ក្រោយកេីតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកកន្លែងកេីតហេតុ និងប្រមូលយកវត្ថុតាងទៅរក្សាទុកនៅផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដើម្បីស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមច្បាប់។

ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕