2024-02-20 12:02
61

កំពង់ស្ពឺ៖ នារសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម វុី សំណាងអភិបាលនៃ            គណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារអមដំណើរឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគចែកជូនកុមារកំព្រា មកពី៤មណ្ឌល ក្នុងខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែមានការនឹករលឹក និងគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ ។

ជាមួយគ្នានោះដែរឯកឧត្តមអ្នកឧកញ៉ាក៏បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ប្រសិទ្ធភាព និងចីរភាព សំដៅថែរក្សាការពារ សមិទ្ធិផលជាតិ និងលើកកម្ពស់កិត្យានុភាពជាតិ ឲ្យខ្ពស់ត្រដែត និងបានផ្តាំផ្ញើដល់ក្មួយៗចៅៗ ដែលជាកុមារកំព្រាទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ ជាសសរស្ដំ សម្រាប់អភិវឌ្ឍន៍សង្គមជាតិនាពេលអនាគត។

សូមបញ្ជាក់ថាកុមារកំព្រាទាំង៤មណ្ឌលដែលបានមកចូលរួមនាពេលនេះសរុបទាំងអស់ចំនួន ២០៦នាក់ ស្រី ៨២នាក់  និងបុគ្គលិកចំនួន ២៨ នាក់ ក្នុងនោះមកពីមណ្ឌលកុមារកំព្រាជ្រៃជុំ ៦៤នាក់ -អង្គការកុមារក្តីសង្ឃឹមថ្មី ៣២នាក់ -សមាគមផ្ទះជាក្រុមភូមិរបស់យើង ៦៤នាក់ និងកុមារកំព្រារដ្ឋនៅទីនេះចំនួន ៤៦ នាក់ ដោយឡែកអំណោយរបស់សមាគមឧកញ៉ាកម្ពុជាដែលបានឧបត្តម្ភ រួមមាន÷អង្ករ មី ត្រីខ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវខ្ទឹមស និងថវិកាមួយចំនួនផងដែរ៕