2023-07-08 03:07
162

ភ្នំពេញ ៖ លោកថេង សុថុល អនុប្រធានគណបក្សប្រជាជនខណ្ឌ៧មករា បានមានប្រាប់ឲ្យដឹងថា  សកម្មភាពចុះ ពន្យល់អំពីការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវនេះ បានបញ្ជ្រាបការយល់ដឹងបានកាន់តែច្បាស់ចំពោះពលរដ្ឋ សម្រាប់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧ ។ ហើយសកម្មភាពនេះ ក្រុមការងារគណបក្ស នឹងចុះជាប្រចាំ ដល់តាមខ្នងផ្ទះរបស់ពលរដ្ឋតែម្តង នៅទូទាំងសង្កាត់ទាំង០៨ នៃខណ្ឌ៧មករា ។ក្រុមការងារគណបក្សប្រជាជនកម្ពុជា បានបន្តសកម្មភាពចុះឃោសនា និងធ្វើការពន្យល់ណែនាំពលរដ្ឋដល់តាមទីលំនៅ ឲ្យបានយល់ដឹងអំពីការគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ ឬហៅថាសន្លឹកឆ្នោតបានការ ជៀសវៀងការគូសខុសដែលធ្វើអោយសន្លឹកឆ្នោតរបស់ពលរដ្ឋបោះជូនគណបក្សដែលខ្លួនស្រលាញ់ពេញចិត្តនោះ យកជាការពុំបាន ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារបឹងព្រលិត សប្បាយរំភើបរីករាយ ដែលបានជួបជាមួយ លោក ថេង សុថុល អតីតចៅសង្កាត់បឹងព្រលិត កាលពីជាង ២០ឆ្នាំមុន ដែលបច្ចុប្បន្ន លោក ថេង សុថុល ជាអភិបាលខណ្ឌ៧មករា។

ប្រជាពលរដ្ឋ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយចំពោះសកម្មភាព របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានចុះពន្យល់ពួកគាត់ ហើយសម្រាប់ថ្ងៃបោះឆ្នោតខាងមុខ ពួកគាត់ នឹងគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ ដើម្បីឲ្យសន្លឹកឆ្នោតនោះជាសន្លឹកឆ្នោតបានការ ហើយក៏ជាសន្លឹកឆ្នោតដ៏សម្ខាន់ក្នុងការជ្រើសរើសថ្នាក់ដឹកនាំល្អ ដើម្បីបន្តដឹកនាំប្រទេសជាតិទៅមុខបន្តទៀត ។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការ នៃការឃោសនាបោះឆ្នោត គឺប្រព្រឹត្តិទៅរយៈពេល២១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ កក្កដា ឆ្នាំ២០២៣ ។ ហើយនៅថ្ងៃទី២៣ កក្កដា គឺជាថ្ងៃ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧តែម្តង ៕