2023-04-19 09:04
357

ព្រៃវែង៖ ក្រោយពីកើតមានភាពធ្វេសប្រហែសរបស់សមត្ថកិច្ចជំនាញនគរបាលស្រុកបាភ្នំ ពេលចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងជន់មាន់បង្កការផ្ទុះអាវុធត្រូវចំប្រជាពលរដ្ឋម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ មេប៉ូលិសខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានចុះដល់អធិការដ្ឋាននគរបាលស្រុកបាភ្នំ ដើម្បីធ្វើការណែនាំ ពង្រឹងគុណភាព និងប្រសិទ្ធភាព ចៀសវាងមានការថ្លោះធ្លោយដូចករណីកន្លងមកនេះ។
នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានចុះដល់អធិការដ្ឋានស្រុកកំពុខេត្តព្រៃវែង ក្នុងគោលបំណងពង្រឹងការងារដឹកនាំបង្ក្រាបបទល្មើស ការពាសន្តិសុខសណ្តាប់ និងបានលើកទឹកចិត្តគាំទ្រ សមត្ថកិច្ចមានឆន្ទៈបង្ក្រាបបទល្មើសនានា ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងកើតមានបញ្ហាប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានសរសេរសារលើបណ្តាញសង្គមថា "មានឱកាសលើកទី១ ចុះប្រជុំតាមស្រុក គឺស្រុកកំពុងតែល្បី បាភ្នំ! ខ្ញុំលើកទឹកចិត្ត ខ្ញុំគាំទ្រកាលបើបងៗប្អូនៗមានឆន្ទៈបង្ក្រាបបទល្មើសនានា ហើយថ្ងៃនេះខ្ញុំក៏ស្នើសុំឱ្យបងៗប្អូនៗបន្តយុទ្ធនាការបង្ការ បង្ក្រាបបទល្មើសឱ្យខ្លាំងថែមទៀត បើវាមានការកើតឡើងនៅមូលដ្ឋានយើង ក៏ប៉ុន្តែបងៗប្អូនៗត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈឡើងវិញផងដែរ និងត្រូវយល់ដឹងថា ពេលណាយើងគួរប្រើអាវុធពេលណាយើងមិនគួរប្រើអាវុធ? ការធ្វេសប្រហែលតែបន្តិចអាចឱ្យយើងមានវិប្បដិសារីមួយជីវិត"។ 

លោកផ្កាយពីរ ឈឿន ប៊ុនឆន បន្តសរសេរទៀតថា "ធ្វើជានគរបាលត្រូវតែឈរគោលការណ៍ សុជីវធម៌ សីលធម៌ ស្មោះត្រង់ ស្រលាញ់ប្រជាជនឱ្យដូចស្រលាញ់គ្រួសារយើង នោះពួកយើងនឹងទទួលបានការស្រលាញ់ដែលកាត់ថ្លៃមិនបានតបមកវិញស្រុកបាភ្នំ"។

សូមរំឭកថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចប៉ូលិសស្រុកបាភ្នំ ចំនួន០៤នាក់ ដឹកនាំដោយលោក ស៊ាន ប៊ុនណាល់ អធិការងស្រុកបាភ្នំ បានចុះបង្ក្រាបល្បែងបញ្ជល់មាន់ ត្រង់ចំណុចភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង និងផ្ទុះអាវុធមួយគ្រាប់ត្រូវចំប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ ខណៈពេលកំពុងអង្គុយលើម៉ូតូ មើលគេលេងមាន់ជល់ភ្លាមៗនោះពលរដ្ឋបានព័ន្ធចាប់ជនដៃដល់រួម និងប៉ូលិស០៣នាក់ទៀតតែម្ដង។

ជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះអាវុធមានឈ្មោះ សាន វិច្ឆកា ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសធ្ងន់កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ចំណែកជនសង្ស័យមានឈ្មោះ ស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ២៦ ឆ្នាំ ជាអធិការរងស្រុកបាភ្នំ មានទីលំនៅនៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានឃាត់ខ្លួន។

ក្រោយកើតមានករណីចុះបង្ក្រាបល្បែងជល់មាន់ផ្ទុះចំប្រជាពលរដ្ឋ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យផ្អាកការងារលោក ស៊ាន ប៊ុនណាល់ មានតូនាទីជាអធិការងជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវឲ្យតុលាការមានចំណាត់ការតាមផ្លូវច្បាប់ផងដែរ។

បច្ចុប្បន្ន ជងរងគ្រោះកំពុងស្ថិតក្នុងកឬសង្គ្រោះបន្ទាន់ និងជនដៃសមត្ថកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផងដែរ៕