2023-04-07 07:04
463

ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា បានអន្តរាគមន៍ជួយសង្គ្រោះជនជាតិចិន ចំនួន០៤នាក់ ត្រូវបានជនជាតិចិនដូចគ្នាបោកបញ្ឆោតឱ្យមកធ្វើការខុសពីការសន្យា។

កិច្ចអន្តរាគមន៍នេះ បានធ្វើឡើងបន្ទាប់ពីជនរងគ្រោះបានសរសេរពាក្យបណ្ដឹងចូលហ្វេសប៊ុកផេក (បណ្ដឹងលេខ៨១៩) របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។

ក្រុមជនជាតិចិន ទាំង៤នាក់នោះ ដែលសមត្ថកិច្ចជួយសង្គ្រោះ រួមមាន៖ ១-ឈ្មោះ ZHANG XIANBIN ភេទប្រុស កើតឆ្នាំ១៩៩៤ (អ្នកប្តឹង) ,២- ឈ្មោះ CHENG RUI ភេទប្រុស កើតឆ្នាំ១៩៩៥ ,៣. ឈ្មោះ LUO YANGCHAO ភេទប្រុស កើតឆ្នាំ១៩៩៩ ,៤. ឈ្មោះ LIU LUNJIANG ភេទប្រុស កើតឆ្នាំ១៩៩៤។ ចំពោះជនជាតិចិនទាំង០៤នាក់ខាងលើ មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅមានសុពលភាពត្រឹមត្រូវ។

យោងតាមលទ្ធផលនៃការសាកសួររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពួកគេទាំង៤នាក់ បានចូលមកកម្ពុជានៅថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២៣ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងគោលបំណងមកធ្វើការងារជាចុងភៅ នៅខេត្តព្រះសីហនុ តាមការទំនាក់ទំនងលើបណ្ដាញអុីនធើណិត (APP) ដោយសន្យាផ្តល់ប្រាក់១៤.០០០ ទៅ១៥,០០០យ័ន និងមានឈ្មោះ សៃ ធាន ជាអ្នករៀបចំសបុត្រយន្តហោះ។

បន្ទាប់ពីមកដល់កម្ពុជា ក្រុមហ៊ុនតម្រូវឲ្យពួកគេធ្វើការផ្នែក Online ខុសពីគោលបំណងជាចុងភៅពួកគេក៏បានប្តឹងឲ្សមត្ថកិច្ចជួយអន្តរាគមន៍ លុះដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក៏មានសមត្ថកិច្ចចុះទៅនាំខ្លួនពួកគេចេញពីក្រុមហ៊ុនមកស្នងការខេត្តព្រះសីហនុ រហូតដល់ថ្ងៃទី០៣ ខែមេសា សមត្ថកិច្ចក៏បាននាំពួកគេទៅមន្ទីរសង្គមកិច្ច និងបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ចំពោះមុខ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យជនជាតិចិនទាំង០៤នាក់ខាងលើ ស្នាក់នៅសណ្ឋាគារ និងបានប្រគល់លិខិតឆ្លងដែនដល់ពួកគេវិញ។ ក្នុងនោះតាមព័ត៌មានដែលទទួលបាន មានម្នាក់ក្នុងចំណោម ចំនួន០៤នាក់បានសម្រេចចិត្តធ្វើដំណើរទៅប្រទេសចិនវិញ ដើម្បីជួបជុំក្រុមគ្រួសារ ហើយអគ្គនាយកដ្ឋានក៏បានជូនដំណឹងនេះ ទៅស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាផងដែ។

សូមរំឭកថា កាលពីខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញផែនការ ប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ព្រមទាំងបានបង្កើត គណៈបញ្ជាការដឹកនាំប្រតិបត្តិការ ដើម្បីធ្វើជាសេនាធិការក្នុងការដឹកនាំ និងបញ្ជដោយផ្ទាល់នូវប្រតិបត្តិការបង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះ។ 

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានអំពាវនាវសាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធ សហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ មានពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ចំនួន៨៣០ករណី សរុបមនុស្ស ចំនួន២ ០៩៤នាក់ ស្មើនឹង១៦សញ្ជាតិ ភាគច្រើនជនជាតិចិន ,វៀតណាម និងឥណ្ឌូនេសុី។ បណ្ដឹងទាំងនោះបានប្ដឹងចូលទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ផ្អែកតាមលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ភាគច្រើននៃបណ្ដឹងទាំងនោះត្រូវបានដោះស្រាយយ៉ាងមានប្រសិទ្ធភាពពោល គឺទាំងការសង្គ្រោះជនរងគ្រោះ ការបិទទីតាំងអាជីវកម្មខុសច្បាប់ ការចាប់ជនល្មើសបញ្ជូនទៅតុលាការ និងការអនុវត្តនីតិវិធីបណ្ដេញចេញ៕