2024-02-06 11:02
60

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម ហុក សុផល តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន រួមនឹងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែកុម្ភ: ជូនដល់លោកយាយ លោកតា ចាស់ជរាគ្មានទីពឹង ចំនួន ៤៨នាក់។ 

នៅក្នុងឪកាសនោះ ឯកឧត្តមហុក សុផល ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប នៅទូទាំងខេត្តប៉ៃលិន។

ឯកឧត្តមបានគូសបញ្ជាក់ថា មូលនិធិចាស់ជរាគ្មានទីពឹង បានបង្កើតឡើងមានរយៈពេលជាង១០ឆ្នាំមកហើយ ដែលផ្តួចផ្តើមដោយឯកឧត្តមទេសរដ្ឋមន្ត្រីអ៊ី ឈាន និងលោកជំទាវបានស្រីមុំ ក្នុងគោលបំណងជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព ដោយមិនប្រកាន់បក្ខពួក ឬនិន្នាការនយោបាយអ្វីនោះឡើយ ។

សូមបញ្ជាក់ផងដែរថាដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតានៅតាមភូមិដាច់ស្រយាល ក្រុមការងារមូលនិធិបានបែងចែកជា ២ក្រុម គឺក្រុមទី១ នៅសាលាឃុំអូរអណ្តូង ចំណែកក្រុមទី២ ចុះចែកជូនតាមខ្នងផ្ទះ ដែលសរុបទាំងអស់ចំនួន៤៨នាក់ក្នុងម្នាក់ៗ មី ត្រីខ ទឹកសណ្តែក ឃីត១កញ្ចប់មាន(មុង ភួយ ក្រមា សារ៉ុង) និង ថវិកា ចំនួន១០ម៉ឺនរៀលផងដែរ ៕