2023-10-04 10:10
436

ភ្នំពេញ៖ ឯកឧត្តមអភសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងត្រូវពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តតួនាទីភារកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរបស់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្ដាច្រកទ្វារព្រំដែន និងអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ 

ទន្ទឹមនឹងការខិតខំរបស់រដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពចេញចូលឆ្លងកាត់ព្រំដែនបានយ៉ាងល្អប្រសើរនាពេលកន្លង ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថា នៅមានភាពខ្វះចន្លោះ និងភាពមិនប្រក្រតីមួយចំនួនកើតចេញពីការធ្វេសប្រហែសក្នុងការអនុវត្តតួនាទីភារកិច្ច ដូចជា «ការលួចលាក់បើកដំណើរការច្រករបៀងខុសច្បាប់ស្ថិតក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែនមួយចំនួន និងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលឆ្លងកាត់ចេញចូលតាមច្រកទ្វារព្រំដែនដែលកត្តាទាំងនេះបានជះឥទ្ធិពលមិនល្អដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន»។ 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការក្រើនរំលឹកជាថ្មីដល់អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ត្រូវបន្តយកចិត្ត ទុកដាក់អនុវត្តនូវការងារមួយចំនួន ដូចខាងក្រោម៖ 
១- ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវ និងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ច និងសង្គមរបស់ច្រកដែលមានស្រាប់រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សា និងលើកយោបល់ជូនថ្នាក់ដឹកនាំពិនិត្យ សម្រេចក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ។ 
២- ត្រូវចាត់វិធានការដើម្បីពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញចូលឆ្លងកាត់ព្រំដែនសំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសត្រូវពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅតាមបណ្តាច្រកទ្វារព្រំដែនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ 
៣- ត្រូវក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី និងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលពួកគាត់ឆ្លងកាត់ចេញចូលតាមបណ្តាច្រកទ្វារព្រំដែន ដែលផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាង ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ 
៤- ត្រូវបន្តផ្តល់សេវាសាធារណៈ និងសេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋ ដោយគ្មានការរើសអើង ដើរទន្ទឹមនឹងការគ្រប់គ្រងស្ថិតិ និងលំហូរប្រជាពលរដ្ឋចេញចូលឆ្លងកាត់ព្រំដែនឱ្យបានច្បាស់លាស់ ព្រមទាំងខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅតាមបណ្តាច្រកទ្វារព្រំដែន ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ។ 
៥- ត្រូវចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់ និងអ្នកសមគំនិតដែលអូសទាញប្រជាពលរដ្ឋឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។ ស្របគ្នានេះដែរ ត្រូវធ្វើការអប់រំ ណែនាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយជាប់ជាប្រចាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននៅពេលចេញចូលឆ្លងកាត់ព្រំដែន ត្រូវមានឯកសារឆ្លងដែនស្របច្បាប់ដែលចេញដោយក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសវាងការជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការប្រព្រឹត្តបទល្មើស និងផលវិបាកផ្សេងៗនៃការឆ្លងដែនខុសច្បាប់។ 
៦- បន្តអប់រំ ណែនាំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជូនប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅតាមតំបន់ព្រំដែនឱ្យបានយល់ជ្រួតជ្រាបអំពីបែបបទនីតិវិធីនៃការឆ្លងកាត់ព្រំដែន ព្រមទាំងលើកទឹកចិត្តឱ្យពួកគាត់ចូលរួមសហការ និងរាយការណ៍នូវរាល់ភាពមិនប្រក្រតីនានានៅតាមតំបន់ព្រំដែន និងតាមបណ្តាច្រកទ្វារព្រំដែនជាមួយប្រទេសជិតខាង។ 
៧- ក្រសួងមហាផ្ទៃ នឹងចាត់ក្រុមការងារជំនាញដឹកនាំដោយអគ្គនាយកដ្ឋានរដ្ឋបាល ដោយមាន ការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញតួនាទីភារកិច្ចនៅតាមបណ្ដាច្រកទ្វារ ព្រំដែនទាំងអស់សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារ។ 

ក្នុងករណីរកឃើញថា ច្រកទ្វារព្រំដែនណាមួយកើតមានបញ្ហាមិនប្រក្រតីបណ្តាលមកពីការអនុវត្តតួនាទីភារកិច្ច មិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕