2024-02-26 06:02
60

រាជធានីបាងកក៖ អ្នកធ្វើដំណើរ បានភ័យស្លន់ស្លោ ខណៈកំពុងតែធ្វើដំណើរតាម                   យន្ដហោះ ហោះចេញពីទីក្រុងបាងកក ឆ្ពោះទៅកាន់ទីក្រុងណាខន ស៊ី ធម្មរ៉ាត (Nakhon Si Thammarat) ក្រោយពេលផ្ទុះឆេះ Power Bank កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើដែនអាកាសរបស់ប្រទេសថៃ។ នេះបើតាមសារព័ត៌មាន Daily Mail បានចេញផ្សាយ។
   ឧបទ្ទវហេតុនេះ បានកើតឡើងដោយសារតែអ្នកដំណើរម្នាក់ បានថតដោយចៃដន្យ ហើយបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ ឈ្មោះ Stamp Pirachat Aryuyo។ នៅក្នុងវីដេអូដ៏គួរឲ្យភ័យខ្លាចបំផុត បានឃើញមានផ្សែងហុយចេញ ហើយបានធ្វើឲ្យអ្នកដំណើរមានការភ័យខ្លាចយ៉ាងខ្លាំង។
   ម្ចាស់ហ្វេសប៊ុកដដែល បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ថា ជើងហោះហើរនេះ បានចេញដំណើរពីអាកាសយានដ្ឋានដនមឿង ឆ្ពោះទៅខេត្តណាខនស៊ីធម្មរ៉ាត។ ប៉ុន្តែស្របពេលកំពុងតែធ្វើដំណើរ ស្រាប់តែមានសំឡេងស្រែកស្លន់ស្លោរបស់ភ្ញៀវ នៅក្នុងយន្តហោះក្រោយពេលពួកគេបានឃើញផ្កាភ្លើង និង ផ្សែងហុយចេញពីកន្លែងដាក់អីវ៉ាន់ ជាន់ខាងលើ។ ភ្លាមៗនោះ អ្នកដំណើរជាច្រើន បាននាំគ្នាជួយបាញ់ពន្លត់។
   ស្របគ្នានោះដែរ បុគ្គលិករបស់យន្តហោះ ក៏បានយកបំពង់ពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ ហើយយន្ដហោះក៏បានចុះចត និង បន្តដំណើរការដូចធម្មតា។ រីឯអ្នកដំណើរជាច្រើន បានជជែកគ្នា និង ប្រាប់ ថា មូលហេតុមកពី Power Bank៕