2023-05-12 03:05
395

បាត់ដំបង៖ ក្រុមជនសង្ស័យដែលធ្វើសកម្មភាព បាញ់បោះសេរីកក្រើក ខេត្តបាត់ដំបង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកបាណន់ ធ្វើការស្រាវជ្រាវ និងបង្រ្កាបចាប់ខ្លួនបាន ចំនួន០៣នាក់ រឹបអូសអាវុធខ្លី០២ដើម ដើម្បីសាកសួរ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ និងបន្តតាមចាប់ខ្លួនបក្ខដែលនៅសេសសល់បន្តទៀត។

នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ជនសង្ស័យចំនួន០៣នាក់ ដែលពាក់ព័ន្ធករណីកាន់កាប់អាវុធដោយគ្មានលិខិតអនុញ្ញាត និងប្រព្រឹត្តបទល្មើសបាញ់បោះសេរីបង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គម ត្រូវបានកម្លាំងជំនាញស្រាវជាវ និងចាប់ខ្លួននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលតំណាងអយ្យការសាលាដំបូងខេត្តផងដែរ។

ក្រុមជនសង្ស័យដែលកម្លាំងសមត្ថកិច្ចបង្រ្កាប និងឃាត់ខ្លួនទាំង០៣នាក់ រួមមាន៖ ទី១- ឈ្មោះ ធុល សីហា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង  ខេត្តបាត់ដំបង ,ទី២- ឈ្មោះ ទៀង ច័ន្ទឌីណា ភេទប្រុស អាយុ ៣៥ឆ្នាំ ភូមិចុងទំនប់ សង្កាត់ក្តុលដួនទាវ ក្រុងបាត់ដំបងខេត្តបាត់ដំបង និងទី៣- ឈ្មោះ ស៉ីង កុកឃាង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ចំពោះវត្ថុតាងដកហូតមាន អាវុធខ្លី ម៉ាក RETAY ពណ៌ខ្មៅ ចំនួន០២ដើម បង់ និងគ្រាប់មួយរថយន្តម៉ាកPRUIS  ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ស្លាកលេខ ភ្នំពេញ 2BU-7671 មួយគ្រឿង។ 

សូមជម្រាបជូនថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ១២និង០០នាទី នៅចំណុចវាលស្រែ ក្រុមទី០១ ភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានជនសង្ស័យមួយក្រុមជិះរថយន្តមួយគ្រឿង បានប្រើប្រាស់អាវុធខ្លីបាញ់ជាច្រើនគ្រាប់ដោយមិនដឹងពីមូលហេតុ និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់រួចបើករត់គេចបាត់អស់ពីកន្លែងកើតហេតុតែម្តង។

ដោយពីកើតហេតុភ្លាមៗ លោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការស្រាវជ្រាវដោយសហការជាអធិការក្រុងបាត់ដំបង និងកម្លាំងជំនាញរបស់ស្នងកានរនគរបាលខេត្ត ឈានដល់កំណត់បានមុខសញ្ញាក្រុមជានសង្ស័យរហូតចាប់ខ្លួនបាន ចំនួន០៣នាក់ ដកហូតអាវុធខ្លី០២ដើម និងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្តទៀត។

លោកអធិការបានឱ្យដឹងថា ក្រុមជនសង្ស័យបានសារភាពថា នៅយប់ថ្ងៃទី១០ ខែឧសភា ពួកគេបានប្រើប្រាសប្រាស់អាវុធ ចំនួន០៤ដើម បាញ់អស់ ចំនួន ៦០គ្រាប់ នៅចំណុចវាលស្រែ ក្រុមទី០១ ភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ដើម្បីសាកកម្លាំងអាវុធថ្មីរបស់ពួកគេទើបនឹងទិញបានបង្កឱ្យមានការភ្ញាក់ផ្លើលតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសាកសួរជនសង្ស័យទាំង០៣នាក់ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកបក្ខពួកដែលសេសស់សមត្ថកិច្ចកំពុងបន្តការស្រាវ និងចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លួវច្បាប់៕