2023-08-13 11:08
151

 

ភ្នំពេញ៖ បញ្ហាកេងប្រវ័ញ្ចពីអតិថិជនក្នុងវិស័យប្រេងឥន្ធនៈនៅតែមាន ខណៈមន្រ្តីជំនាញ ក.ប.ប. ក៏នៅតែស្វែងរក និងចាត់វិធានការតាមផ្លូវច្បាប់លើធុរជនមិនស្មោះត្រង់ទាំងនោះ។ នេះបេីយោងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១២ ខែសីហា ឆ្នាំ២០២៣។ 
    សូមជម្រាបថា មន្រ្តីជំនាញ ក.ប.ប. នៅតែបន្តស្វះស្វែងតាមរកបទល្មើសនៅក្នុងវិស័យប្រេងឥន្ធនៈ ដែលធុរជនមួយចំនួននៅតែបន្តកេងបន្លំទាំងតម្លៃ បរិមាណ និងគុណភាពប្រេងឥន្ធនៈពីអតិថិជនដែលអ្នកប្រើប្រាស់ដោយផ្ទាល់។ ម្លោះហើយទើបថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តពោធិ៍សាត់ ខេត្តកណ្ដាល ខេត្តកំពត ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ បានបន្តបេសសកម្មរបស់ខ្លួនក្នុងការត្រួតពិនិត្យឥតឈប់ឈរជារៀងរាល់ពេលដើម្បីការពារទប់ស្កាត់ អំពើមិនសុចរិតក្នុងវិស័យមួយនេះ។ អំពើមិនសុចរិតកើតមានឡើង អ្នកខូចខាត បាត់បង់ផលប្រយោជន៍ធំគឺប្រជាពលរដ្ឋដែលជាប្រើប្រាស់នេះឯង។
   តាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានឱ្យដឹងថាបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំងមិនមានអនុលោមភាព ក្នុងចំណោម ស្ថានីយ/ដេប៉ូ ២៥ទីតាំងដែលមន្រ្តីជំនាញបានត្រួតពិនិត្យ ដោយពិន័យទៅតាមច្បាប់ដែលមានជាធរមាន៕