2024-02-23 04:02
65

ភ្នំពេញ៖      នាឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍» សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «នៅឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាល គ្រោងនឹងប្រកាសខេត្តចំនួន ៤បន្ថែមទៀត ជាខេត្តអស់មីន ក្នុងនោះរួមមាន៖ ខេត្តក្រចេះ ខេត្តកំពង់ធំ, ខេត្តសៀមរាប និងខេត្តរតនគិរី»។ 

 នៅក្នុងសារលិខិតដដែលនោះដែរ បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២២មក រាជរដ្ឋាភិបាល បានប្រកាសរាជធានី ខេត្តចំនួន ១៤រួចហើយ ជារាជធានី ខេត្តអស់មីន រួមមាន៖ ខេត្តស្ទឹងត្រែង, ខេត្តកែប, ខេត្តព្រៃវែង, រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តកណ្តាល, ខេត្តស្វាយរៀង, ខេត្តតាកែវ, ខេត្តកំពត, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ស្ពឺ និង ខេត្តមណ្ឌលគិរី។ 

 សូមជម្រាបថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៣ រយៈពេល៣១ឆ្នាំ កន្លងមក ផ្ទៃដីទំហំ ៣០២៤គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧៦ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៥ភាគរយ និងផ្សេងៗ ១៩ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយប្រជាពលរដ្ឋទទួលផល ចំនួន ១១,៩៨០,១៧២នាក់។ ក្នុងនោះមីនប្រឆាំងមនុស្សចំនួន ១,១៧៩,៣៦៥គ្រាប់, មីនប្រឆាំង រថក្រោះចំនួន ២៦ ៣៣៩គ្រាប់ និងគ្រាប់មិនទាន់ផ្ទះចំនួន ៣,១០៥,៥៩៣គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ 

 ដោយឡែក នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ផ្ទៃដីចំនួន ៤៤៤គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបាន រកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្ស ចំនួន ២៣,៩៤៦គ្រាប់ មិនប្រឆាំងរថក្រោះចំនួន ២០៤គ្រាប់ និងគ្រាប់ មិនទាន់ផ្ទុះចំនួន ៦៦,៣៧៤គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៣២នាក់ក្នុងឆ្នាំ២០២៣ និងមកនៅក្រោម ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យមរយៈពេល១០ឆ្នាំ និងមកក្រោម៥០នាក់ ក្នុងមួយឆ្នាំ ជាមធ្យមរយៈពេល៥ឆ្នាំចុងក្រោយ។ 

 នៅក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចផងដែរថា ក្នុងឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានបង្កើតគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដោយមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសប្បុរសជននានាផងដែរ៕