2023-04-27 06:04
277


កោះកុង៖ វាពិតជារឿងមួយគួរឱ្យហួសចិត្តបំផត! ដែលចោរមួយក្រុមបានធ្វើសកម្មភាពគាស់តូបលក់អីវ៉ាន់ចាប់ហួយចូលទៅសំងំគាស់ក្រវឹលកំប៉ុងស្រាបៀរអស ចំនួន៤១កែស ដើម្បីផ្សងសំណាងស្វែងរករង្វាន់ធំមានលុយ ម៉ូតូ និងរថយន្តជាដើម។
សកម្មភាពក្រុមចោរចូលធ្វើសកម្មភាព គាស់តូបលក់ចាប់ហួយនេះរួចគាស់ក្រវឹលកំប៉ុងស្រាបៀរដើម្បីស្វែងរករង្វាន់នេះ បានកើតមានឡើងតាំងពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ ស្ថិតក្នុងផ្សារដងទង់ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ ក្រុមចោរបានគាស់ក្រវឹលកំប៉ុងស្រាបៀរចម្រុះអស់ចំនួន៣៩កែស និងភេទសជ្ជៈផ្សេងៗទៀត សរុប៤១កែស ចោលរេលពេញក្នុងតូបតែម្តង។


តាមប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់តូបលក់អីវ៉ាន់ចាប់ហួយមានឈ្មោះ ហោ សាលៀង ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ពេលព្រលឹមឡើងបើកទ្វាតូបស្រាប់តែឃើញកំប៉ុងស្រាបៀរត្រូវបានក្រុមចោរគាស់ចោលពេញបានសណដែងការហួសចិត្តយ៉ាងខ្លាំង ព្រោះធ្លាប់តែឃើញចោរគាស់លួចយកសម្ភារៈរបស់របរផ្សេងៗ ប៉ុន្តែចោរមួយក្រុមនេះគាស់ក្រវឹលកំប៉ុងដើម្បីតាមរករង្វាន់ធំទៅវិញ។

តាមនគរបាលបាននិយាយថា ជាធម្មតាក្នុងផ្សារយប់ឡើងត្រូវបានបិទទ្វាចាក់សោរគ្រប់ច្រកចេញចូល និងមានសន្តិសុខយាមកាមគ្មានអ្នកអាចចេញចូលដោយស្រួលឡើយ ប៉ុន្តែហេតុអ្វីចោរមួយក្រុមនេះចូលទៅគាស់តូបធ្វើសកម្មភាពគាស់ក្រវឹលកំប៉ុងស្រាបៀររហូត៤១កែសបានដោយងាយស្រួលម្លេះ។ អ្វីដែលផ្លែកបំផុតពូកវាអត់លួយយកស្រាបៀរឬសម្ភារៈទេ គឺគាស់ក្រវឹលកំប៉ុងដើម្បីស្វែងរករង្វាន់តែម្តង។
បច្ចុប្បន្នករណីនេះ សមមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមនិតិតវិធីដើម្បីស្វែងរកមុខក្រុមចោរហាររយដែលគាស់តូបលក់អីវ៉ាន់ចាប់ហួយគាស់ក្រវឹលកំប៉ុងស្រាបៀរដើម្បីស្វែងរករង្វាន់មកផ្ទន្ទាទោសតាមច្បាប់៕