2023-10-04 05:10
162

(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញមន្រ្តីមានសមត្ថកិច្ចផ្សព្វផ្សាយអំពីបញ្ហាសុខភាព និងទីកន្លែងគ្រោះថ្នាក់ រដូវទឹកជំនន់ដល់ប្រជាពលរដ្ឋ និងត្រៀមដើម្បីជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។

ឯកឧត្តម ងួន រតនៈ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែកញ្ញា របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។
អភិបាលខេត្តបានឱ្យអាជ្ញាធរក្រុងស្រុកត្រូវធ្វើរបាយការណ៍ឱ្យបានច្បាស់លាស់ពីការលិចលង់ខ្នងផ្ទះ ក៏ដូចជាការខូចខាត់ដំណាំស្រូវ និងជំរុញឲ្យអាជ្ញាធរនិងមន្ត្រីជំនាញផ្សព្វផ្សាយបញ្ហាសុខភាព និងការផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្ននៅទីកន្លែងមានការគ្រោះថ្នាក់។

លោកណែនាំដល់មន្ទីរព័ត៌មានខេត្តត្រូវរៀបចំកម្មវិធីសន្ទនាមតិ ដោយមានការចូលរួមពីគ្រប់ប្រធានមន្ទីរទាំងអស់ ចូលរួមជាវាលគ្មិន (វិលជុំ) ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទៅតាមជំនាញរបស់ខ្លួន ដូចជា បញ្ហាការជួញដូរគ្រឿងញៀន ការជួញដូរផ្លូវភេទ ចរាចរណ៍ អនាម័យបរិស្ថាន សុខភាព អត្តសញ្ញាណកម្ម ដែលបញ្ហាទាំងអស់នេះ បណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់សន្តិសង្គម។ ចំពោះកិច្ចការអ្នកនាំពាក្យក្នុងអង្គភាព ត្រូវធ្វើការឆ្លើយបំភ្លើយឲ្យបានច្បាស់លាស់ និងឆាប់រហ័ស ព្រមទាំងជំរុញការដោះស្រាយបញ្ហាទំនាស់ក្រៅប្រព័ន្ធតុលាឲ្យបានច្រើន ជាពិសេសបញ្ហាទំនាស់រឿងដីធ្លី នេះជាការងារមួយប្រៀបដូចជាអាហារប្រចាំថ្ងៃ។

ឯកឧត្តម ងួន រតនៈ បានដាក់កំហិតដល់អង្គភាពទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពមន្ត្រីគ្រប់រូប ដើម្បីស្វែងរកសារធាតុញៀន ជាពិសេសមុននឹងធ្វើការប្រកាសតែងតាំងក្នុងរចនាសម្ព័ន្ធអង្គភាព៕