2024-02-17 12:02
65

ភ្នំពេញ ៖ យុវជនម្នាក់ បានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯយុវជនម្នាក់ទៀត ជាអ្នកឌុបរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈបើកម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅបុកម៉ូតូមួយគ្រឿង នៅពីមុខបណ្ដាលឲ្យដួលស្របពេលមានម៉ូតូមួយគ្រឿងទៀត មិនស្គាល់ម៉ាកជិះមកបញ្ច្រាសទិសគ្នា បុកកិនពីលើចំក្បាល ហើយលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ ២០២៤ នៅលើផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ស្មាន់ វិច្ឆិកា អាយុ ២២ឆ្នាំ មុខរបរបុគ្គលិកលាងរថយន្ត មានស្រុកកំណើតនៅភូមិចំនោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាអ្នកអង្គុយខាងក្រោយ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះ២នាក់ បើកម៉ូតូម៉ាកហុងដាស្គុបពី ពណ៌សពាក់ស្លាកលេខភ្នំពេញ 1IS-9016 ជិះឌុបគ្នាចេញពីកន្លែងលាងរថយន្តមួយកន្លែង ហើយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុ បានបើកវ៉ាជែងងខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូមួយគ្រឿង មិនចាំម៉ាកនៅពីមុខចំពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលខ្លួនឯង ស្របពេលមានម៉ូតូមួយគ្រឿងទៀត មិនស្គាល់ម៉ាកបើក មកបញ្ច្រាសទិសគ្នា ពីជើងមកត្បូងក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ បុកកិនពីលើចំក្បាលជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯម្នាក់ទៀត ជាអ្នកឌុបបានរងធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះភ្លាមៗ។ ក្រោយមកអ្នកដែលជិះម៉ូតូបង្កក៏បានលើកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់វាស់វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុកកំណើត តាមប្រពៃណី។ ចំណែកឯម៉ូតូបង្ក សមត្ថកិច្ចស្រាវជ្រាវបន្ត ដើម្បីឈានទៅដល់ការឃាត់ខ្លួន យកមកចាត់ការទៅតាមនីតិវិធី៕