2024-02-05 11:02
68

ភ្នំពេញ-យុវជនម្នាក់បានបាត់បង់ជិវិតស្លាប់ភ្លាមៗខណ:កំពុងជិះម៉ូតូតាមផ្លូវត្រូវរថយន្ត សណ្តោងកន្ទុយធុនធំមួយគ្រឿងបើកកិនបែកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ ឆែម  ឈុនលីម ភេទ ប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី  ខេត្តតាកែវ។

ប្រភពបន្ថែមថាមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដា MSX ពណ៌ខ្មៅលាយត្រួយចេក ពាក់ផ្លាកលេខភ្នំពេញ1GS-6641 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ។លុះមកដល់ចំនុចកើតហេតុក៏មានរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ3G -0773 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នា បានជ្រុលចង្កូតទៅបុកនិងកិនពីក្រោយ បណ្តាលឲ្យជនរងគ្រោះ បែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានព្យាយាមបើករថយន្តគេចខ្លួនបានប្រហែលជិត១គីឡូម៉ែត្រក៏បើកទ្វារថយន្តរួច ចុះរត់គេចខ្លួនបាត់ដោយសុវត្ថិភាពផងដែរ។
បន្ទាប់ពីកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះទៅពិនិត្យនិង ធ្វើការវាស់វែងរួចបានអូសយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។