2023-10-27 09:10
348

(ពោធិ៍សាត់)៖ ប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខា នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានបន្តបេសកកម្មមនុស្សធម៌ ចុះសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងក្រោយសម្រាលកូន និងអ្នកជំងឺទូទៅ សរុបចំនួន៨៧នាក់ នៅមន្ទីរពេទ្យបង្អែកបាកាន។
នាឱកាសនោះដែរលោកស្រី អាំង សុជាតា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំនៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ពិសេសពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

លោកស្រី ក៏បានផ្ដាំផ្ញើដល់ស្ត្រី និងក្រុមគ្រួសារ សូមបន្តយកចិត្តទុកដាក់អំពីបញ្ហាសុខភាព និងអាយុជីវិតរបស់ខ្លួន និងកូនដែលមិនទាន់សម្រាល និងទើបតែសម្រាលរួច ត្រូវប្រកាន់ភ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។លោកស្រីក៏សូមថ្លែងអំណរគុណក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ប្រើប្រាស់ក្រមសីលធម៌ វិជ្ជាជីវៈជួយបង្កើតកូនដល់ស្ត្រីទាំងអស់ ប្រកបដោយសុខសុវត្ថិភាព។
លោកស្រី អាំង សុជាតា បានលើកឡើងថា នាពេលនេះក៏ដូចលើកមុនៗ សាខា អនុសាខា បណ្តាញក្រុមចលនាសមាគមនារី នៅគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយសមភាពយេនឌ័រ ក្នុងការលើកកម្ពស់តួនាទី និងស្ថានភាពស្រ្តីក្នុងសង្គម និងទទួលបាននូវការថែទាំសុខភាព និងការងារមនុស្សធម៌។

ជាក់ស្តែងនារសៀលនេះ សមាគមនារីខេត្ត ក៏បានរៀបចំអំណោយចុះសួរសុខទុក្ខ ដល់ស្រ្តីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងក្រោយសម្រាលកូន និងអ្នកជំងឺទូទៅ សរុបចំនួន៨៧នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសារុង១ ក្រមា១ ភួយ១ ខ្នើយ១ មុង១ និងថវិកា២ម៉ឺនរៀល។ បន្ថែមពីនោះ បុគ្គលិកសុខាភិបាល បុគ្គលិកអនាម័យ និងកម្លាំងប្រជាការពារ ក៏ទទួលបានវត្ថុកំដរដៃ ទៅតាមការកំណត់។  
ក្នុងថ្ងៃដដែលនោះ ប្រតិភូក៏បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនលោកស្រី ចៅសង្កាត់លលកស ក្រុងពោធិ៍សាត់ និងលោកវេជ្ជបណ្ឌិត ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលកំពុងនឹងសម្រាកព្យាបាល នៅគេហដ្ឋាន ក្នុងសង្កាត់លលកស និងសង្កាត់រលាបផងដែរ។

គួររំលឹកផងដែរថា ថ្មីៗនេះ ក្នុងឱកាសមុននិងក្រោយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ, សមាគមនារី ក្រោមការជួយគាំទ្រទាំងថវិកា និងសម្ភារៈ ពីថ្នាក់ដឹកនាំ និងសមាជិកាគ្រប់ថ្នាក់ គ្រប់ផ្នែក ព្រមទាំងសប្បុរសជន ក៏បានរៀបចំអំណោយជាបន្តបន្ទាប់ ចុះសួរសុខទុក្ខ ជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ គ្រួសារក្រីក្រ ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺ នៅក្នុងក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ ស្រុកតាលោសែនជ័យ ស្រុកក្រគរ និងបន្តទៅបណ្តាស្រុកដទៃទៀត ក្នុងខេត្តពោធិ៍សាត់៕