2024-02-04 06:02
81

ភ្នំពេញ៖ ជនល្មើសប្រុស-ស្រី ចំនូន ០៤នាក់ ត្រូវបានតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ពីបទៈ «រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន»។
   យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា៖ ករណីសំណុំរឿងព្រហ្មទណ្ឌប្រភេទគ្រឿងញៀន មានជនសង្ស័យ ចំនួន ០៤ នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទៈ ល្មើសរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ។ តំណាងអយ្យការដកហូតបានវត្ថុតាងគ្រឿងញៀនប្រភេទ MDMA ទម្ងន់សរុប ១០.២៦៧,០៣ ក្រាម (១០គីឡូ ២៦៧,០៣ក្រាម)។
   តាមរយៈតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ របស់តំណាងអយ្យការ ជនសង្ស័យទាំង ០៤ នាក់ (ឃាត់ខ្លួន) មានប្រុស ០៣នាក់ ស្ត្រី ០១នាក់ ពាក់ព័ន្អបទល្មើសរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
   សូមជម្រាបថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២០និង១៥នាទី កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ, លោកឧត្តមសេនីយ៍ត្រី ពុធ ស៊ុនរស្មី នាយករងមន្ទីរ និង លោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យ មានការចូលរួមពីកម្លាំងជំនាញរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាបនៅចំណុច ៤គោលដៅផ្សេងគ្នា៖
- គោលដៅទី១៖ នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ លទ្ធផល៖ ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ខាត់ សាវុធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យកបាន សារធាតុញៀនចំនួន ប្រភេទ MDMA សរុបចំនួន ៣០០កញ្ចប់ ទម្ងន់ ២ ៦២១.១០ក្រាម និងម៉ូតូកង់បី១គ្រឿង។
- គោលដៅទី២៖ នៅវេលាម៉ោង ២១និង១០នាទី បន្ទប់ជួលលេខ៨ ផ្លូវលំ ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ លទ្ធផល៖ ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ច័ន្ទ សុភ័ក្រ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ, វត្ថុតាងចាប់យកបាន សារធាតុញៀន ចំនួន ៨៧៣ កញ្ចប់ ទម្ងន់ ៧ ៦៤៥.៩៣ក្រាម និងម៉ូតូ១គ្រឿង។
- គោលដៅទី៣៖ វេលាម៉ោង ២២និង៣០នាទី ក្បែរផ្សារសូរិយា សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លទ្ធផល៖ ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ វ៉ាន់ សុធារាជ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ។
និងគោលដៅទី៤៖ វេលាម៉ោង ២៣និង៣០នាទី ក្បែររង្វង់មូលនាងមច្ឆា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លទ្ធផល៖ ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ សុខ យ៉ាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម។ វត្ថុតាងចាប់យកបានម៉ូតូ១គ្រឿង។ 
  បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកបាន ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងបានធ្វើការចោទប្រកាន់តាមនីតិវិធី៕