2024-02-18 04:02
76

(កណ្តាល)៖ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកសមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ចុះចែក    អំណោយសប្បុរសធម៌នៅសាលាអនុវិទ្យាល័យស្ទឹងជ្រៅ ភូមិស្ទឹងជ្រៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
   លោក ស្រ៊ុន ចន្ទសុវណ្ណ នាយកសាលាអនុវិទ្យាល័យស្ទឹងជ្រៅ បានបញ្ជាក់ថា អនុវិទ្យាល័យស្ទឹងជ្រៅ បានជួបប្រទះនូវការលំបាកជាច្រើនដូចជាការលិចលង់នារដូវវស្សា ការហុយដីនៅរដូវប្រាំង ការខ្វះខាតសៀវភៅអានក្នុងបណ្ណាល័យ តម្រូវការជំនួយគាំទ្រលើមធ្យោបាយធ្វើដំណើររបស់សិស្សក្រីក្រ ឯកសណ្ឋាន សម្លៀកបំពាក់ និងសម្ភារសិក្សា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាជាដើម។ ហេតុនេះ ហើយទើប និងគណៈគ្រប់គ្រងសាលាបានស្វែងរកជំនួយផ្សេងៗ ជាពិសេសតាមរយៈឯកឧត្តម ប៉ែន បូណា ជាមួយនឹងក្តីសង្ឃឹមថានឹងអាចដោះស្រាយបញ្ហាប្រឈមទាំងនេះ ជាលទ្ធផលសំេណេី និង   សំណូមពរទាំងនោះត្រូវបានទទួលយកដោយសមាគមឧកញ៉ាកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា លី យ៉ុងផាត់ ផ្ទាល់។
   ដូចអ្វីដែលបានលេីកឡេីងខាងលេី និងដោយមើលឃើញពីការខ្វះខាតជាក់ស្តែង អ្នកឧកញ៉ា លី យ៉ុងផាត់ បានអនុម័តកញ្ចប់ថវិការបស់សមាគម និងកៀរគរសប្បុរសជន ដេីម្បីរៀបចំបង្កេីតកម្មវិធីសប្បុរសធម៌នេះឡេីងក្នុងគោលបំណងឆ្លេីយតបទៅនឹងតម្រូវការរបស់សាលា ក៏ដូចជាសិស្សានុសិស្សផ្ទាល់។ ដោយស្មារតីសាមគ្គីភាពនៃមហាគ្រួសារឧកញ៉ាកម្ពុជា ប្រមូលថវិកាបានចំនួនជាង ៥ម៉ឺន ៦ពាន់ដុល្លារ ដែលនឹងត្រូវបានប្រេីប្រាស់ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងសាលា ឯកសណ្ឋានសិស្ស សម្ភារសិក្សា កង់ កាបូប សម្លៀកបំពាក់ សៀវភៅអាន ធ្នេីដាក់សៀវភៅ និងជូនថវិកាដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាអាណាព្យាបាលសិស្ស សរុប២៦៥នាក់។
   អ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងអំណរគុណដល់សប្បុរសជន និងថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា បានធ្វេីឱ្យកម្មវិធីកេីតឡេីងដែលបានបរិច្ចាគថវិកា ធនធាន និងសម្ភារៈ ក្នុងកិច្ចការសប្បុរសធម៌ជូនដល់ក្មួយៗ លោកគ្រូ អ្នកគ្រូ និងមាតាបីតាសិស្សនៅសាលាអនុវិទ្យាល័យស្ទឹងជ្រៅនេះផងដែរ។
   អ្នកឧកញ៉ាមានក្តីសង្ឃឹមយ៉ាងមុតមាំថា អំណោយដែលសមាគមឧកញ៉ាកម្ពុជា ផ្តល់ជូននៅពេលនេះ នឹងអាចប្រើប្រាស់ចំគោលដៅពិសេសដល់ការរៀបចំសោភ័ណភាពនៅក្នុងសាលា និងបានបំពេញតម្រូវការរបស់សិស្សានុសិស្សទាំងអស់ដែលកំពុងសិក្សានៅក្នុងសាលាអនុវិទ្យាល័យស្ទឹងជ្រៅនេះតែម្តងដូចដែលសុភាសិតខ្មែរបានពោលថា៖ «អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅដូចសំពៅពឹងសំប៉ាន»។
   អ្នកឧកញ៉ា លី យ៉ុងផាត់ បានផ្តាំផ្ញេី និងលើកទឹកចិត្តដល់ក្មួយៗទាំងអស់ត្រូវខឹកខំប្រឹងប្រែងរៀនសូត្រឱ្យខ្លាំងពូកែ ដេីម្បីជាទំពាំងស្នងឬស្សី សម្រាប់បន្តវេនក្នុងការថែរក្សា ការពារជាតិមាតុភូមិ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសជាតិរបស់យេីងទាំងអស់គ្នា ជាពិសេសជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខទាំងឡាយ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដេីម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕