2024-03-09 08:03
47

កំពង់ឆ្នាំង៖ ក្រុមមន្ត្រីបច្ចេកទេសនាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចុះសិក្សាស្តីពីសក្តានុពលធនធានទឹកនៅជុំវិញតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ 

ចំពោះការចុះសិក្សានេះ មានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី០៤ រហូតដល់ទី០៨ ខែមីនា ឆ្នាំ២០២៤ ដឹកនាំដោយ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប ព្រមទាំងក្រុមការងារ និងមន្ត្រីបច្ចេកទេសជាច្រើននាក់ទៀត។ 

គោលបំណងនៃការចុះសិក្សា រួមមាន៖ បន្តការតាមដាន និងបច្ចុប្បន្នភាពរបបជលសាស្រ្ត-ឧតុនិយមក្នុងទឹកបឹងទន្លេសាប (១១ស្ទឹង និងបឹងទន្លេសាប)  បន្តវាយតម្លៃបរិមាណលំហូរទឹក/ធារទឹកស្ទឹងនៅតាមបណ្តាអាងស្ទឹងជុំវិញបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ និងបន្តបច្ចុប្បន្នភាពប្រព័ន្ធធារាសាស្រ្តនៅក្នុងអាងស្ទឹង និងស្វែងរកប្រភពធនធានទឹក លទ្ធភាពប្រើប្រាស់ ព្រមទាំងវាយតម្លៃលើការគ្រប់គ្រងធនធានទឹកនៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ។ 

ជាលទ្ធផលរបស់ក្រុមការងារដែលបានចុះសិក្សាបឋមមាន៖ ស្រុកបរិបូណ៌ មានប្រព័ន្ធធារាសាស្រ្តខ្នាតធំ មធ្យម និងតូច សរុបចំនួន ០៦ ប្រព័ន្ធ, បច្ចុប្បន្នរបបទឹកស្ទឹងបរិបូណ៌នារដូវប្រាំង ត្រូវបានគោករីងស្ងួតដោយកន្លែង នៅតាមដងស្ទឹង ជាពិសេសផ្នែកខាងក្រោមប្រព័ន្ធធារាសាស្រ្តទំនប់រំហាច និងទំនប់អាចាង, ប្រព័ន្ធធារាសាស្ត្រមួយចំនួនត្រូវការស្តារ និងជួសជុលឡើងវិញ ព្រមទាំងសាងសង់បន្ថែម ដើម្បីធានាបាននូវនិរន្តរភាពទឹកស្ទឹងទៅពេលអនាគត។ 

ដោយឡែកផលប៉ះពាល់លំហូរទឹក និងធារទឹកស្ទឹងដោយផ្ទាល់ និងប្រយោល គឺដោយសារតែការប្រែប្រួលរបបទឹកភ្លៀង និងការប្រែប្រួលអាកាសធាតុ, ការងារបង្កបង្កើនផលស្រូវរបស់ប្រជាកសិករនៅក្នុងតំបន់សិក្សាត្រូវបានប្រមូលផលស្ទើររួចរាល់ ឬបានប្រមាណជា ៩០% នៃផ្ទៃដីសរុបក្នុងតំបន់សិក្សា។ ចំណែកឯ ស្រូវប្រាំងដែលនៅសេសសល់ ឬមិនទាន់ប្រមូលផល គឺស្រូវស្រែធ្វើឡើងក្នុងដំណាក់កាលទី ២ និងដំណាក់កាលទី ៣ ព្រោះស្រែនៅជិតប្រភពទឹក និងស្រែអាស្រ័យផលមួយចំនួនទៀតនៅក្នុងអាងទឹក ។ 
ក្នុងការចុះសិក្សាខាងលើក៏បានបង្ហាញទៀតថា បច្ចុប្បន្នមានការទាញយកធនធានរ៉ែខ្សាច់នៅតាមដងស្ទឹង និងខ្សាច់បកផង៕