2024-02-01 11:02
57

  លោក យាន ប៉េងហេង តំណាងលោក ហោ យាន ដែលទទួលបានសិទ្ធពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោយការដាក់ឲ្យដំណើរការដេញថ្លៃធ្វើអាជីវកម្មប្រមូលភាស៊ីចំណតរថយន្តកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣កន្លងមកនេះបានឲ្យដឹងថា លោក            ហោ យាន ជាម្ចាស់អាជីវកម្មខាងលើ និងចាប់ផ្តើមជាផ្លូវការក្នុងការប្រមូលភាស៊ីលើមធ្យោបាយរថយន្តគ្រប់ប្រភេទ នៅលើចំណតចំនួនបីទីតាំងរួមមានទី១/ ចំណតទល់មុខទីប្រជុំជនផ្សារលើ ទី២/ ចំណតមហោស្រពចាស់និងទី៣ ចំណតឆ្នេរអូរឈើទាល ហើយចំណតទាំងបីខាងលើមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ០២ និងសង្កាត់លេខ០៤              ក្រុងព្រះសីហនុ។

លោកបានបន្តឲ្យដឹងទៀតថាចំពោះការយកភាស៊ីលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទត្រូវបានធ្វើឡើងទៅតាមសៀវភៅបន្ទុកដែលកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងនោះ ចំណតរថយន្តនៅខាងមុខទីប្រជុំជនផ្សារលើនិងចំណតមហោស្រពចាស់ចំពោះរថយន្តដឹកអ្នកដំណើរធុនតូច៥កៅអី ដល់៩កៅអី មួយគ្រឿងត្រូវបង់៥០០០រៀលក្នុងមួយលើក។រថយន្តដឹកអ្នកដំណើរធុនកណ្តាល ១២កៅអីដល់ក្រោម២៥កៅអីមួយគ្រឿង ត្រូវបង់ចំនួន៧000រៀល ក្នុងមួយលើក។ រថយន្តដឹកអ្នកដំណើរធុនធំ២៥កៅអីឡើងទៅត្រូវបង់ចំនួន១០០០០រៀលក្នុងមួយលើក។ រថយន្តដឹកទំនិញ១តោនដល់១តោនកន្លះ ត្រូវបង់ចំនួន៥០០០រៀលក្នុងមួយលើក។ រថយន្តដឹកទំនិញ២តោនកន្លះ ដល់ ៣តោន ត្រូវបង់ ៧០០០រៀលក្នុងមួយលើក។  រថយន្តដឹកទំនិញទម្ងន់៥តោនត្រូវបង់ចំនួន១០០០០រៀល និងរថយន្តដឹកទំនិញទម្ងន់៥តោនឡើងទៅត្រូវបង់ចំនួន១៥០០០រៀលក្នុងមួយលើក។

ដោយឡែកទី៣ ចំណតរថយន្តនៅឆ្នេរអូរឈើទាល សម្រាប់រថយន្តដឹកអ្នកដំណើរធុនតូច៥កៅអីដល់៩កៅអី ត្រូវបង់ចំនួន៤០០០រៀលក្នុងមួយលើក។រថយន្តដឹកអ្នកដំណើរធុនកណ្តាល១២កៅអីដល់ក្រោម២៥កៅអីត្រូវបង់ចំនួន៦០០០រៀលក្នុងមួយលើក            និងរថយន្តធុនធំ២៥ កៅអីឡើងទៅ ត្រូវបង់ ចំនួន៨០០០រៀលក្នុងមួយលើក។

   ទន្ទឹមនិងនោះដែរ លោក យាន ប៉េងហេង តំណាងឲ្យម្ចាស់អាជីវកម្មខាងលើក៏បានសំណូមពរ ដល់ម្ចាស់រថយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរចូលមកកាន់ទីប្រជុំជនផ្សារលើ សូម ចូលចតនៅក្នុងចំណតដែលរដ្ឋបាលខេត្តព្រះសីហនុ បានកំណត់ ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈក៏ដូចជា បង្កើនសោភ័ណ្ឌភាពទីក្រុង និងចូលរួមចំណែកក្នុងការរកចំណូលចូលថវិការជាតិផងដែរ ។