2024-02-04 05:02
86

កំពង់ចាម៖ នាឱកាសអញ្ជើញជាអធិបតីក្នុងកម្មពិធីបុណ្យកាន់អង្គ ពុទ្ធាភិសេក ឆ្លងមហាឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តតាអុង លោក ហ៊ុន ម៉ានិត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ បានលើកឡើងថា «សូមរួមគ្នាថែក្សាការពារ សមិទ្ធផលដែលកើតមាន, ថែរក្សាសុខសន្តិភាពឱ្យស្ថិតស្ថេរតរៀងទៅ!»។ 

កម្មពិធីបុណ្យកាន់អង្គ ពុទ្ធាភិសេក ឆ្លងមហាឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តតាអុង ស្ថិតក្នុងឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានប្រព្រឹត្ត នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ 

សូមជម្រាបថា វត្តតាអុង បានចាប់ផ្តើមកសាងដំបូងចាប់តាំងពីឆ្នាំ១៩៥៣ មកដល់ពេលនេះមានអាយុកាល ៧១ឆ្នាំ។ កាលពីជំនាន់ប៉ុល ពត វត្តនេះ ត្រូវបានបោះបង់ចោល គ្មានការគោរពបូជាសាសនាឡើយ។ 

កត្តាសុខសន្តិភាព បានរុញនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ មានសុខដុមរមនាខាងសាសនា។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយមានការគាំទ្រពីប្រជាជនកម្ពុជា សម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ ដើម្បីលើកស្ទួយជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង។ 

សមិទ្ធផល ដែលកើតចេញជារូបរាងនៅពេលនេះ គឺកើតឡើងពីការចូលរួមចំណែក ឧបត្ថម្ភគាំទ្រ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គណៈកម្មការវត្តគ្រប់ជំនាន់ ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយទាំងអស់។ នេះជាវប្បធម៌នៃការចែករំលែក បម្រើប្រយោជន៍សាធារណៈ។ 

ឆ្លៀតឱកាសនេះផងដែរ លោក ហ៊ុន ម៉ានិត បានសូមឱ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បងប្អូនពូមីង អ៊ំ ប្រជាពលរដ្ឋទាំងអស់ ចូលរួមទាំងអស់គ្នា ពង្រឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព លប់បំបាត់ល្បែងស៊ីសង រួមគ្នាទប់ស្កាត់បទល្មើសផ្សេងៗ ដែលអាចបង្កអស្ថិរភាពក្នុងមូលដ្ឋាន ជាពិសេស សូមរួមគ្នាថែក្សាការពារ សមិទ្ធផលដែលកើតមាន ថែរក្សាសុខសន្តិភាពឱ្យស្ថិតស្ថេរតរៀងទៅ៕