2024-01-18 09:01
70

ខេត្តកំពង់ឆ្នាំង៖ ផ្ទះធ្វើអំពីសរសរឈើប្រក់ស្លឹកដែលមានទំហំ៣ម៉ែត្រគុណនឹង៤ ម៉ែត្រ១ខ្នង ត្រូវភ្លើងឆេះ ខ្ទេចគ្មានសល់ ខណៈគ្រួសារនេះកំពុងមានជីវភាពខ្វះខាត រកទីពុំនាក់គ្មាន។ ករណីនេះជារឿងដ៏គួរឲ្យអាណិតអាសូរចំពោះគ្រួសារនេះជាពន់ពេក។

ហេតុការណ៍ឆាបឆេះបង្កជាអគ្គីភ័យនេះកើតឡើងនៅវេលាម៉ោងប្រមាណ១៦និង១៥នាទីល្ងាចថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៤នេះ ស្ថិតនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ អាជ្ញាធរមាន សមត្ថកិច្ចបានខិតខំស្វះស្វែង ជួយសង្គ្រោះផងដែរ ប៉ុន្តែដោយសារផ្ទះស្លឹកនិងមានខ្យល់ផងមិនអាចជួយ អន្តរាគមន៍សង្គ្រោះបានឡើយ។

ប្រភពនៅទីនោះបញ្ជាក់ថា៖ គ្រួសារនេះមានប្ដីឈ្មោះ ចាប ចំរើន,ប្រពន្ធឈ្មោះ កា ភាព មានកូនចំនួន៤នាក់ នៅក្នុងបន្ទុក ហើយជាគ្រួសារក្រីក្រ សុំដីរបស់គេដើម្បីសង់ផ្ទះតូចមួយរស់នៅបណ្ដោះអាសន្ន។ អ្នកភូមិនៅក្បែរខាងនិយាយថា គ្រួសារនេះខ្សត់ខ្សោយខ្លាំងណាស់ដោយរកព្រឹកខ្វះល្ងាច។

ករណីនេះមិនទាន់ដឹងពីមូលហេតុនោះទេ ដោយមិនមានមនុស្សនៅលើផ្ទះ ហើយគាត់និងប្រពន្ធព្រមទាំងកូន រវល់ចុះទៅធ្វើការស៊ីឈ្នួលកម្មករឲ្យគេ នៅមាត់ទន្លេ នៅក្នុងភូមិសង្កាត់ ដែលកើតហេតុខាងលើ ។ នៅពេលមានភ្លើងឆេះ ពួកគាត់បានរត់ផងទម្រាំមកដល់ផ្ទះគឺភ្លើងឆេះអស់ទៅហើយ។

អគ្គិភ័យនេះឆេះផ្ទះអស់ទាំងស្រុង រួមទាំងសម្ភារៈដែលនៅក្នុងផ្ទះមួយចំនួនដូចជា÷សម្លៀកបំពាក់,មុង,ភួយ , ខ្នើយ,កន្ទេល ឆ្នាំង,ចាន,ឯកសារសៀវភៅគ្រួសារ, អត្តសញ្ញាណប័ណ្ណ, សំបុត្រកំណើត,ជាពិសេសគឺប័ណ្ណក្រីក្ររបស់គ្រួសារគាត់ ។ ទាំងនេះសុទ្ធតែជាឯកសារ សំខាន់ដែលតម្រូវឲ្យមានជាចាំបាច់នៅក្នុងក្រុមគ្រួសារ។

ដូចនេះពួកគាត់ សូមអំពាវនាវ សប្បុរសជន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ទាំងអស់ សូមមេត្តាជួយគាត់ផង គ្រួសារគាត់ត្រូវបានភ្លើងឆេះផ្ទះអស់ទាំងស្រុង គ្មានសល់អ្វីក្រៅពីសំលៀកបំពាក់មួយចង្កេះជាប់ខ្លួននេះទេ! ។ ជាពិសេសអាជ្ញាធរដែនដី មេត្តាជួយសម្របសម្រួលឯកសារក្នុងក្រុមគ្រួសារគាត់ ដែលត្រូវភ្លើងឆេះឲ្យមានជាថ្មីឡើងវិញផង៕