2024-02-25 04:02
64

(បាត់ដំបង) : ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ស្ទើរទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រហែល១២យប់ថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៤ នៅចំណុចភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
  តាមប្រភពព័ត៌មានបានឲ្យដឹងថាម្ចាស់ឈ្មោះ ផល សូត្រ ភេទប្រុស អាយុ៤៥ឆ្នាំ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះមានទំហំ៤ គុណ៧ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ឆេះខូចខាតអស់ប្រហែល ៧០% អគ្គិភ័យនេះក៏បានឆេះបំផ្លាញទ្រព្យសម្បត្តិជាច្រើនរួមមានម៉ូទ័រ ០៦គ្រឿង គ្រែឈើ០១ ,តុឈើ០៣និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត។
  ប្រភពបន្ថែមថាមុនពេលកើតហេតុម្ចាស់ផ្ទះមិននៅ ប៉ុន្តែមានកូនពីរនាក់នៅផ្ទះខណៈនោះកូនប្រុសម្នាក់ឈ្មោះ ឈា សាំងស៊ីល អាយុ១៥ឆ្នាំ បានអុជធូបលើហឹងក្បាលគែ្រទុកចោល  ហើយនាំប្អូនស្រីទៅដេកនៅផ្ទះតាយាយដែលស្ថិតនៅក្បែរនោះ លុះយប់ឡើងស្រាប់តែបង្កជាអគ្គិភ័យឆាបឆេះផ្ទះតែម្តង ។
  នៅក្នុងហេតុការណ៍នេះក៏មានកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋនៅក្បែរនោះបាននាំគ្នាជួយអន្តរាគមន៍ពន្លត់ ទើបអគ្គិភ័យនេះបានរលត់អស់ទៅវិញទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលទៅដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលស្ថិតនៅក្បែរនោះទេ ។